ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រពេទ្យទៅទទួលយក ស្រ្តីមានផ្ទៃពោះឈឺធ្ងន់ម្នាក់ ពីលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ..

ខេត្តព្រះសីហនុ៖ ជាថ្មីទៀត លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅម៉ោងជិត ៥ល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី, Speed Boat Cambodia (G.T.V.C) និងអូប័រពេទ្យល្បឿនលឿន ឲ្យទៅទទួលយកស្រ្តីមានផ្ទៃពោះម្នាក់ ដែលវិលមុខរអិលដួល រងរបួសធ្ងន់ នៅលើកោះរ៉ុង ដើម្បីមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ស្រ្តីរងគ្រោះមានឈ្មោះ សែត ចន្ថា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ត្រូវបុគ្គលិកក្រុមហ៊ុន G.T.V.C ដឹកតាមអូប័រពេទ្យល្បឿនលឿន មកដល់ដីគោក នៃក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកបន្តតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុន G.T.V.C ឆ្ពោះទៅកាន់មន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃដដែលនេះ។

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ជី.ធី.វី.ស៊ី ក្រៅពីមានអូប័រពេទ្យល្បឿនលឿនមួយគ្រឿង សម្រាប់ដឹកអ្នកជំងឺតាមផ្លូវសមុទ្រ រូបលោក ក៏បានទិញរថយន្តសង្គ្រោះសេរីទំនើបឆ្នាំ២០២១ មួយគ្រឿងទៀត សម្រាប់បម្រើលើការងារដឹកជញ្ជូន ប្រជាពលរដ្ឋមានជំងឺ នៅលើផ្លូវគោក ដោយចាំទទួលបន្តពីអូរប័រពេទ្យ ដឹកឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ជនរងគ្រោះ ឲ្យបានទាន់ពេល៕

អត្ថបទដែលជាប់ទាក់ទង