អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យអគារសម្រាប់ពិរុទ្ធជន ដែលត្រូវព្យាបាលជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នារសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យអគារសម្រាប់ពិរុទ្ធជន ឬជនដែលត្រូវចោទធ្វើការព្យាបាលជំងឺកូវីដ-១៩ មានទីតាំងនៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

នាឱកាសនោះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យ ប្រធានពន្ធនាគារខេត្ត នៅពេលដែលមានពិរុទ្ធជន ឬជនជាប់ចោទ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទី១. យើងអាចគ្រប់គ្រងសន្តិសុខបានល្អក្នុងការព្យាបាល និង ទី២. កាត់ផ្តាច់ការចម្លងទៅអ្នកទោសដ៏ទៃទៀត នៅក្នុងពន្ធនាគារ។

ម្យ៉ាងទៀត សកម្មភាពបង្ការទុកមុននេះ គឺជាវិធានការដ៏ល្អមួយ សម្រាប់ការគ្រប់គ្រងតាមដាន អ្នកជំងឺកូវីដ មិនបង្កឱ្យឆ្លងទៅអ្នកដទៃ។

ចំពោះអាគារ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ ស្ថិតនៅខាងក្រោមអគារជំងឺសួតមាន ០៤បន្ទប់ និងអាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់ ៤០នាក់ ឬអាចលើសនេះ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង