បទល្មើសនាំជ័រកៅស៊ូទៅលក់នៅវៀតណាម តាមច្រកព្រំដែនដូនរ័ត្នខេត្តត្បូងឃ្មុំ កំពុងកើតមានអនាធិបតេយ្យ..?

ខេត្តត្បូងឃ្មុំ៖ ​មន្ត្រីគយចល័តប្រចាំខេត្តត្បូងឃ្មុំ បានអះអាងថា រាល់ថ្ងៃនេះ ទំនិញខុសច្បាប់ជាច្រើនប្រភេទ ដែលរាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់រួមមាន ជ័រកៅស៊ូស្អុយ ឬកៅស៊ូក្រែបជាដើម ត្រូវឈ្មួញសម្រុកដឹកចេញទៅលក់នៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ ​តាមច្រកទ្វារទ្វេភាគីដូនរ័ត្ន ស្ថិតក្នុងឃុំរូង ស្រុកមេមត់ ដោយគ្មានសមត្ថកិច្ចជំនាញផ្នែកណាមួយប្រចាំការនៅច្រកព្រំដែនអន្តរជាតិមួយនេះ ទប់ស្កាត់នោះទេ។

ប្រភពពីមន្ត្រីគយចល័ត​ បានចោទ លោក ស៊្រុន ណាត ជាប្រធានស្នាក់ការច្រកទ្វារដូនរ័ត្ន និងលោក នូរ និច នាយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែននេះ ថាជាអ្នកកាងការពារឈ្មួញល្មើសទាំងនោះ ជាថ្នូរទទួលបានសំណូកពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ ដែលនាំឲ្យបាត់ប្រាក់ចំណូលពន្ធរដ្ឋ ជារៀងរាល់ឆ្នាំ។

មន្ត្រីគយចល័តប្រចាំខេត្តត្បូងឃ្មុំ ស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់គេហទំព័រ «កម្ពុជាថ្ងៃនេះ» ​នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១​ថា ​ថ្មីៗនេះ មន្ត្រីគយចល័ត​ខេត្តត្បូងឃ្មុំ បានចុះឃាត់រថយន្ត​ដឹក​ជ័រ​កៅស៊ូស្អុយ​ខុសច្បាប់ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យដឹកជ័រកៅស៊ូស្អុយ ឆ្លងដែនខុសច្បាប់ចេញទៅវៀតណាម នៅថ្ងៃខាងមុខទៀត។ ប៉ុន្តែចំណាត់ការនេះ គឺមានប្រតិកម្មខ្លាំងពីសំណាក់ មន្ត្រីខិលខូច​មួយចំនួន ដែលធ្លាប់ទទួលប្រយោជន៍ពីក្រុមឈ្មួញនាំចេញជ័រកៅស៊ូខុសច្បាប់ទាំងនោះ។ ហើយក្នុងនោះ​ក៏មាន លោក ស៊្រុន ណាត ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីដូនរ័ត្ន និងលោក នូរ និច នាយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែននេះ ព្រមទាំងបក្ខពួកមួយចំនួនទៀត។ ​

ប្រភពបន្តថា ចំពោះករណីខាងលើនេះ លោក ស៊្រុន ណាត បែរជាបានធ្វើរបាយការណ៍ភូតកុហក់ថ្នាក់នាំរដ្ឋបាលខេត្តត្បូងឃ្មុំ ថា​ការឃាត់រថយន្តមិនឲ្យដឹកជ័រកៅស៊ូស្អុយ ឬកៅស៊ូក្រែប ​ចេញទៅប្រទេសវៀតណាម ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើឲ្យប៉ះពាល់ការងារគណបក្ស​ទៅវិញ..។

ប្រភពពីមន្ត្រីគយ បានចោទ​ ប្រធានស្នាក់ការច្រកទ្វារទ្វេរភាគីដូនរ័ត្ន ថាជាអ្នកនៅពីក្រោយឈ្មួញល្មើស ក្នុងការនាំកៅស៊ូខុសច្បាប់ ចេញទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនខាងលើនេះ ដែល​នាំឲ្យបាត់ប្រាក់ចំណូល​ពន្ធរដ្ឋ រាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗ ពីពន្ធនាំជ័រ​កៅស៊ូកែច្នៃ ចេញទៅលក់នៅប្រទេសវៀតណាមជាបន្តបន្ទាប់មកនេះ។

ឈ្មួញម្នាក់​រស់នៅ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ស្ថិតក្នុងចំណោមឈ្មួញច្រើនទៀត ដែលរកស៊ីដឹកជ័រកៅស៊ូស្អុយ ឆ្លងដែនទៅលក់នៅវៀតណាមតាម តាមច្រកទ្ធារទ្វេភាគីដូនរ័ត្ន បានឲ្យដឹង​ថា ឈ្មួញនាំជ័រកៅស៊ូស្អុយ ចេញទៅប្រទេសវៀតណាមភាគច្រើន ​មកពីខេត្តក្រចេះ- ស្ទឹងត្រែង- កំពង់ធំ និងកំពង់ចាមជាដើម។ ហើយ​ក្រោយ​ម្រមូលទិញជ័រកៅស៊ូស្អុយពីតំបន់ផ្សេងៗ ក្នុងប្រទេសកម្ពុជា បាន​គ្រប់ចំនួន​ រួចក៏ដឹកតាមរយន្តចេញទៅលក់នៅវៀតណាម តាមច្រកទ្វារព្រំដែនដូនរ័ត្ន ដោយរលូន។ ហើយឈ្មួញរូបនេះ បញ្ជាក់ថា រូបគាត់ មិនបានដឹងថា ការនាំកៅស៊ូស្អុយចេញទៅប្រទេសវៀតណាម ជាទង្វើខុសច្បាប់នោះទេកន្លងមក។

ឈ្មួញដដែលនេះបន្តថា កន្លងមក នៅពេលពួកគាត់ ដឹកជ័រកៅស៊ូឆ្លងច្រកទ្វារព្រំដែនដូនរ័ត្នម្តងៗ គឺតែងបង់លុយទៅឲ្យមន្ត្រីជំនាញ ដែលប្រចាំ​ការនៅច្រកទ្វារដូនរ័ត្ន​ជាប្រចាំ ហើយសមត្ថកិច្ច​ទាំងនោះ ក៏បានបើករបាំងព្រំដែន ឲ្យរថយន្ត របស់​ដឹក​ទំនិញរបស់ពួកគាត់ បើកចូលទៅកាន់ប្រទេសវៀតណាម ដោយរលូន។

​ប្រភពពីប្រជាពលរដ្ឋមួយចំនួន រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលលំនៅដ្ឋានរបស់ពួកគាត់ នៅក្បែរច្រកទ្វារទេ្វភាគីដូនរ័ត្ន  ក៏បានឲ្យដឹងដែរថា ពួកគាត់តែងឃើញរថយន្តដឹកទំនិញជាច្រើនគ្រឿង បានដឹក​ឈើប្រណិត- ធ្យូង- ជ័រកៅស៊ូស្អុយ និងអុសកៅស៊ូជាដើម ​ឆ្លងដែនតាមរថយន្តទាំងតូចធំ ទៅកាន់ប្រទេសវៀតណាម​ទាំងយប់ទាំងថ្ងៃ។ ប៉ុន្តែមិនដឹងថា រថយន្តដឹកទំនិញទាំងនោះ​មានជាប់ពាក់ព័ន្ធអ្វីខ្លះទេជាមួយ លោក ស៊្រុន ណាត ប្រធានស្នាក់ច្រកទ្វារអន្តរជាតិ និងលោក នូរ និច នាយនគរបាល ប៉ុស្តិ៍ព្រំដែនដូនរ័ត្ននោះទេ។

ប្រភពបន្តថា ​កន្លងមកនេះ លោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីដូនរ័ត្ន ក៏ធ្លាប់រងការចោទថា ជាអ្នកបើកដៃឲ្យឈ្មួញដឹក​ខ្សាច់ខុសច្បាប់​ ចេញទៅកាន់ប្រទេសវៀតណាម ចេញតាមច្រកទ្វារព្រំដែនទ្វេភាគីដូនរ័ត្ន ​ម្តងរួចមកហើយៗ ក៏ត្រូវកម្លាំង​កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចុះបង្ក្រាប​។ ប៉ុន្តែករណីនេះ​ លោក ស៊្រុន ណាត បានធ្វើរបាយការណ៍ដាក់ទៅថ្នាក់ដឹកនាំខេត្តត្បួងឃ្មុំថា រថយន្តដឹកខ្សាច់ទាំងនោះ គឺប្រជាពល​រដ្ឋខ្មែរបានទិញ សម្រាប់យកទៅសាងសង់ផ្ទះ ដែលនៅជាប់​ព្រំដែនកម្ពុជា-វៀតណាម ​​តែប៉ុណ្ណោះ។

ប្រភព​អះអាងថា ក្រុមឈ្មួញដែលមានអំណាច និងរកស៊ីដឹកទំនិញចេញទៅកាន់ប្រទេសវៀតណាម នៅតាមច្រកទ្វារព្រំដែនដូនរ័ត្ន ដែលល្បីឈ្មោះជាងគេមានដូចជា៖ ឈ្មោះ ថៃ គា ជាមន្ត្រីយោធា- លោក យ៉ាន់ ឃុនមុនី ​ល្បីខាងនាំធ្យូងខុសច្បាប់រាប់រយតោនក្នុងមួយថ្ងៃៗ និងឈ្មួញឈ្មោះ ឌី ជាមេឈ្មួញរកស៊ី​នាំជ័រកៅស៊ូស្អុយ​ធំជាងគេ ដឹកឆ្លងដែនទៅលក់នៅវៀតណាម តាមច្រកទ្វារ​​ទ្វេភាគីដូនរ័ត្ន ជាបន្តបន្ទាប់មកនេះ។

ចំណែក ប្រភពពីម្ចាស់រថយន្តស៊ីឈ្នួលដឹកធ្យូង ឆ្លងដែនតាមច្រកព្រំដែនដូនរ័ត្ន ខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងដែរថា ក្នុង​រថយន្ត​ប្រភេទសាំយ៉ុង​ ១គ្រឿង ដែលដឹកធ្យូង ​ឆ្លងដែនទៅកាន់ប្រទេស​វៀត​ណាម គឺ​ត្រូវបង់លុយជូនជួនពួកគាត់ ចាប់ពី ៣០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ ចំណែករថយន្តកូរ៉េកង់ ១០ឡើងទៅ រថយន្ត ១គ្រឿង ​ត្រូវបង់​ចាប់ពី ១លានរៀល ទៅ ១លាន៦០ម៉ឺនរៀល។ ហើយ​ត្រូវបង់លុយជូនសមត្ថកិច្ច​គ្រប់ស្ថាប័ន ​ដែលប្រចាំការនៅច្រកព្រំដែនដូនរ័ត្ន នេះ​ជាកំហិត។

ដោយឡែក សម្រាប់រថយន្តដឹកជ័រកៅស៊ូស្អុយ ឆ្លងដែនវិញទៅកាន់វៀតណាមវិញ ប្រភពអះអាងថា ក្នុងរថយន្ត ១គ្រឿង ត្រូវបង់លុយជូនមន្ត្រី​ស្ថាប័ន​ជំនាញនីមួយៗ ចាប់ពី ២ម៉ឺនរៀល ទៅ ៤ម៉ឺនរៀល សម្រាប់រថយន្តសាំងយ៉ុង ១គ្រឿង។ ប៉ុន្តែចំពោះ ​រថយន្តកូរ៉េកង់​១០វិញ ត្រូវបង់លុយ ​៨ម៉ឺនរៀល ជូនសមត្ថកិច្ច ក្នុង១ស្ថាប័ន​។ រីឯរថយន្តវ៉េអង វិញ គឺត្រូវបង់លុយចំនួន ២០ម៉ឺនរៀល ជូន​សមត្ថកិច្ចគ្រប់ស្ថាប័ននីមួយៗ ដែលប្រចាំការនៅច្រកទ្វារព្រំដែនដូនរ័ត្ន ពុំដែលខកខានទេ។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់មានប្រភពទាក់ទង លោក ស៊្រុន ណាត ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីដូនរ័ត្ន និងលោក នូរ និច នាយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែន​ដូនរ័ត្ន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់​បាន​​ទេ នៅល្ងាចថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង