រដ្ឋបាលស្រុកកំពង់សីលា បើកកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរុាំរ៉ៃ រវាងដើមបណ្តឹងឈ្មោះ សេរី កូស៊ីន ​ទំនាស់ជាមួយប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ អភិបាលរងស្រុកកំពង់សីលា លោក ចាន់ ពន្លក កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំស្តីពីការសម្របសម្រួលវិវាទដីធ្លី និងបង្ហាញអំពីលទ្ធផលចុចរកចំណុចនិយាមទីតាំងក្បាលដីលេខ ១៨៧,១៦៨,១៩២ នៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តឡើងនៅសាលាស្រុកកំពង់សីលា ដោយមានការអញ្ជើញចូលរួមពី លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា មានឈ្មោះ សេរី កូស៊ីន(ជាដើមបណ្តឹង), មានឈ្មោះមឿន យឿន, សុខ និល, ឌឿន សំនី, អ៊ុយ អុល (ជាចុងបណ្តឹង) មានការចូលរួមពីមន្ត្រីមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងអង្គការសង្គមស៊ីវិលអាដហុកផងដែរ។

នាឱកាសនោះ លោក ចាន់ ពន្លក អភិបាលរងស្រុក បានឱ្យមន្ត្រីលេខាអាន នូវពាក្យបណ្តឹងរបស់ឈ្មោះ សេរី កូស៊ីន សំណើសុំប្តឹងឈ្មោះ មឿន យឿន, សុខ និល, ឌឿន សំនី, អ៊ុយ អុល ពាក់ព័ន្ធទំនាស់ដីធ្លី នៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោកអភិបាលរងស្រុក បញ្ជាក់ថា ពាក់ព័ន្ធទំនាស់ដីធ្លីនេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលស្រុកកំពង់សីលា ក៏ធ្លាប់ធ្វើការសម្របសម្រួលវិវាទដីធ្លីរវាងភាគីដើមបណ្ណឹង និងចុងបណ្តឹងម្តងរួចមកហើយយដែរ ប៉ុន្តែលទ្ធផលមិនទាន់បានសម្រេចនោះទេ ដោយសារចុងបណ្តឹងចំនួន ៤នាក់ និងបក្សពួក មានការជំទាស់ ស្នើសុំឱ្យអាជ្ញាធរស្រុកកំពង់សីលា និងមន្ត្រីជំនាញ ចុះទៅពិនិត្យលើទីតាំងក្បាលដីលេខ ១៨៧,១៦៨,១៩២ ជាក់ស្ដែង។

ក្រោយមកកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលស្រុកក៏បានចុះពិនិត្យទីតាំងខាងលើ និងឃើញថាទីតាំងដីទំនាស់នេះ មានវិញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ​ដែលចេញក្នុងយុទ្ធាការវាស់វែងបញ្ជា (០០១បប) និងពិតជាដីរបស់ លោកស្រី សេរី កូស៊ីន ភាគីដើមបណ្តឹង ប្រាកដមែន ដែលមានក្បាលដីលេខ១៨៧,១៦៨,១៩២។

ក្នុងនោះ លោកស្រី សេរី កូស៊ីន ភាគីដើមបណ្តឹងមានមតិថា សំណូមឱ្យប្រជាពលរដ្ឋ ដែលបានចូលទន្ទ្រានលើដីរបស់គាត់ ត្រូវតែរុះរើ និងចាកចេញពីទីតាំងដី របស់គាត់ដោយឥតលក្ខខណ្ឌ ហើយប្រសិនបើនៅតែរឹងទទឹងមិនរុះរើចាកចេញពីដីរបស់គាត់ លោកស្រីនិងធ្វើតាមនីតិវិធីច្បាប់ គឺឈប់លើកលែងម្ដងជាពីរដងរួចទៀតហើយ លោកស្រី និងមានវិធានការទារថ្លៃខូចខាតទាំងស្រុងទៅលើចុងបណ្ដឹងទាំងបួននាក់ រួមជាមួយបក្សពួក ប្រមាណជាង ៣០គ្រួសារ ផងដែរ។

ជាមួយគ្នានោះ លោកស្រី ឌឿន សំនី ភាគីចុងបណ្តឹងមានមតិថា ពាក់ព័ន្ធនិងដីទំនាស់នេះ នាងខ្ញុំបានមកពីលោក មឿន យឿន និង ដួង គឺម គាត់ជាអ្នកវាស់វែងឱ្យពួកខ្ញុំ ហើយគាត់ស៊ីឈ្នួលកាប់លក់ឱ្យមកខ្ញុំក្នុងតំម្លៃ ១ហិកតា(មួយលានរៀល) ហើយប្រសិនបើដីដែលខ្ញុំបានកាប់ស្ថិតនៅលើដីលោកស្រី សេរី កូស៊ីន ខ្ញុំសូមប្រគល់ជូនលោកស្រីវិញ។

ជាចុងក្រោយលោក ចាន់ ពន្លក អភិបាលរងស្រុក ក៏បានណែនាំឱ្យភាគីចុងបណ្តឹងចាកចេញ និងរុះរើរោងចេញពីទីតាំងដី ដែលមានប័ណ្ណកម្មសិទ្ធិ របស់លោកស្រី សេរី កូស៊ីន បើភាគីណាមួយមិន​សុខចិត្តអាចបន្តនីតិវិធីទៅតុលាការបាន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង