គ្រូពេទ្យស្ទើរទាំងអស់នៅខេត្តក្រចេះ ចោទលោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខេត្តនេះ ថាប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ​

ខេត្តក្រចេះ៖ មន្ត្រីរាជការកំពុងបំរើការងារនៅតាមមន្ទីរពេទ្យបង្អែក- ស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់ នៃខេត្តក្រចេះ បានចោទ លោក ទឺ ប៊ុនឡេង ហៅពេទ្យ ទូច បច្ចុប្បន្នជាប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខេត្តក្រចេះ ថាបានយកតួនាទី ទៅសម្លុតគំរាមកំហែង និងគាបសង្កត់មន្ត្រីថ្នាក់ក្រោម របស់ខ្លួនតាមអំពើចិត្ត ដោយប្រាសចាកពីវិជ្ជាជីវៈ និងសិលធ៌មក្នុងភាពជាអ្នកដឹកនាំ។ ជាងនេះទៀត លោក ទឺ ប៊ុនឡេង ថែមទាំងបានតម្រូវឲ្យ​បុគ្គលិកសុខាភិបាលស្ម័គ្រចិត្តបម្រើការងារជំងឺកូវីដ-១៩ ដើម្បីបានចូលក្របខណ្ឌរដ្ឋពេញសិទ្ធិ សរុបមានចំនួន​១៣០នាក់ ដោយក្នុងម្នាក់ៗ ត្រូវបង់លុយជូនគាត់ ចាប់ពី ១ម៉ឺនដុល្លារ ទៅ ១ម៉ឺន៣ពាន់ដុល្លារអាមេរិក ទើបមានឈ្មោះជាប់ក្របខណ្ឌរដ្ឋ។ ប៉ុន្តែក្នុងករណីមន្ត្រីស្មគ្រ័ចិត្តទាំងនោះមិនបង់លុយគ្រប់ចំនួនឲ្យខ្លួនទេ នឹងមិនមានឈ្មោះជាប់ក្របខណ្ឌរដ្ឋឡើយ ព្រោះលុយ ដែលប្រមូលនេះ មួយចំនួនត្រូវយកទៅជូនចៅហ្វាយខេត្តក្រចេះផង និងមន្ត្រីថ្នាក់ដឹកនាំក្រសួងសុខាភិបាលផង។

លិខិតចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ របស់មន្ត្រីសុខាភិបាលកំពុងបំរើការងារនៅតាមមន្ទីរពេទ្យបង្អែក- ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តក្រចេះ ដាក់ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលគេហទំព័រ «កម្ពុជាថ្ងៃនេះ» ទើបទទួលបានរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២១នេះ ក៏​​បានចោទ លោក ទឺ ប៊ុនឡេង ថា បានបន្លំឯកសារសាធារណៈ ដោយលួចក្លែងឯកសារបញ្ជាក់លើប្រវត្តិរូបមន្ត្រីស្ម័គ្រចិត្ត ដែលត្រូវចូលក្របខណ្ឌរដ្ឋ ដោយលួចប្រើឈ្មោះ- ហត្ថលេខា និង​បោះត្រា ប្រធាន-អនុប្រធានស្រុកប្រតិបត្តិ របស់ពួកគាត់ ទាំងរូបគាត់ម្នាក់ៗ មិនបានដឹងខ្លួនជាមុនទាល់តែសោះ។

ផ្តើមពីបញ្ហានេះ មន្ត្រីសុខាភិបាលថ្នាក់ក្រោមទាំងអស់ នៅខេត្តក្រចេះ ដែលចំណុះឱ្យក្រសួងសុខាភិបាល បានសំណូមពរដល់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួយបញ្ជូនមន្ត្រីស្អាតស្អំចុះអង្គេតទៅលើសកម្មភាពអនុវត្តការងារ របស់លោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខេត្តក្រចេះ ដើម្បីឈានទៅផ្តន្ទាទោសជនពុករលួយរូបនេះ ឲ្យសមតាមកំហុសឆ្គង។ ជាងនេះទៀត ក៏ដើម្បីជួយសម្រួលសម្រួលដល់សតិអារម្មណ៍ របស់បុគ្គលិកសុខាភិបាល ឬមន្ត្រីអ្នកដឹកនាំសុខាភិបាល នៅថ្នាក់ក្រោម អាចបំពេញការងារបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ឱ្យបានរលូន​ថែមទៀត។

ប្រភពបន្តថា ចំពោះបុគ្គលិកពេទ្យស្ម័គ្រចិត្តបំរើការងារជំងឺកូវីដ-១៩ទាំងអស់ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យចូលក្របខណ្ឌរដ្ឋពេញសិទ្ធិ ដោយមិនមានការចំណាយលុយកាក់អ្វីទាំងអស់។

ដោយឡែក មន្ត្រីមួយចំនួនទៀត ដែលកំពុងបំរើការងារនៅក្នុងមន្ទីរសុខាភិបាល ខេត្តក្រចេះ ក៏បានឲ្យដឹងដែរថា លោក ទឺ ប៊ុនឡេង និងបក្ខពួក ពិតជាបានប្រព្រឹត្តអំពើពុករលួយ ដូចលិខិតចោទប្រកាន់ របស់មន្ត្រីដឹកនាំនៅតាមមន្ទីរពេទ្យបង្អែក- ស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់ នៃខេត្តក្រចេះ បានលើកឡើងពិតមែន។ ប្រភពបន្តថា កន្លងមកនេះ លោក ទឺ ប៊ុនឡេង បានប្រើអំណាច​តួនាទី របស់ខ្លួន ដើម្បីក្ដោបក្តាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ និងស៊ីដាច់​របបផ្សេងៗ របស់មន្ត្រី ឬបុគ្គលិកសុខាភិបាលថ្នាក់ក្រោម នៃខេត្តក្រចេះ​ ច្រើនឆ្នាំមកហើយៗ មន្ត្រីរូបនេះ ​បានអនុវត្តការងារ របស់ខ្លួន ខុសនីតិវិធី ឬខុសបច្ចេកទេស និងខុសគោលការណ៍ របស់ក្រសួងសុខាភិបាលជាដើម។

ឆ្លើយតបការចោទប្រកាន់នេះ លោក ទឺ ប៊ុនឡេង ហៅ ពេទ្យ ទូច ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខេត្តក្រចេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយបដិសេធថា មិនបាន​យកលុយពីមន្ត្រីស្ម័គ្រចិត្តជាប់កិច្ចសន្យាបម្រើការងារប្រឆាំងជំងឺកូវីដ-១៩ ក្នុងម្នាក់ៗចាប់ពី ១ម៉ឺនដុល្លារ ទៅ ១ម៉ឺន៣ពាន់ដុល្លារ ដូចការចោទប្រកាន់ទេ។ ប៉ុន្តែលោកទទួលស្គាល់ថា ពិតជាបានបំពេញប្រវត្តិរូប ឲ្យមន្ត្រីស្ម័គ្រចិត្តទាំងអស់ ដើម្បីចូលក្របខណ្ឌរដ្ឋ ដោយធ្វើរំលងប្រធានអូឌី ពិតប្រាដកមែន។ ប៉ុន្តែលោកថា ការធ្វើបែបនេះ ក៏អនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាល បាន​ណែនាំដែរ។

ចំណែក លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ករណីមន្ត្រីសុខាភិបាលរាប់រយនាក់ សរសេរលិខិតប្តឹង លោក ទឺ ប៊ុនឡេង ​​គឺកំពុងត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើ​ពុករលួយ ចុះស៊ើបអង្កេតរួចហើយៗ ចំពោះលទ្ធផលបែបណានោះ គឺត្រូវរង់ចាំស្តាប់លទ្ធផលពីអង្គភាពប្រឆាំងអំពើពុករលួយប្រកាសសិន..។

យ៉ាងនេះក្តី មន្ត្រីសុខាភិបាលថ្នាក់ក្រោម កំពុងបំរើការងារនៅតាមមន្ទីរពេទ្យបង្អែក- ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទាំងអស់ នៅខេត្តក្រចេះ ក៏បានចាត់ទុក លោក ឈ្នាង សុវុត្ថា ថា​ជាមន្ត្រីថ្នាក់ដឹកនាំពុករលួយម្នាក់ដែរ ដោយបានបើកដៃឲ្យ លោក ទឺ ប៊ុនឡេង ប្រធានការរិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខេត្តក្រចេះ ប្រព្រឹត្តអំពើពុករលួយ ហើយ​ទទួលផលប្រយោជន៍ជាមួយគ្នា​។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រក្រសួងសុខាភិបាល និងអ្នកស្រី ឳ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខា​ភិបាល ដើម្បីបំភ្លឺជុំវិញករណីចោទប្រកាន់ លោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខេត្តក្រចេះ របស់​មន្ត្រីសុខាភិបាល ដែលកំពុងបំរើការងារនៅតាមមន្ទីរពេទ្យបង្អែក​- ស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់ នៃខេត្តក្រចេះ  បាននៅឡើយទេនៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង