រដ្ឋបាលខេត្តព្រះសីហនុ នឹង​ចាក់វ៉ាក់សាំងកូវីដ-១៩ ជូន​កុមារ​និងយុវវ័យ​អាយុ​១២ឆ្នាំ ដល់ក្រោមអាយុ​១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហា

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ នៅទូទាំងខេត្តព្រះសីហនុ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យនេះ គឺមិនមានគិតថ្លៃទេ ហើយការផ្ដល់វ៉ាក់សាំងទាំងនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះខេត្តព្រះសីហនុ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង ៩:០០នាទីព្រឹក នាថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី១០ ខែ
សីហា ឆ្នាំ២០២១ តាមទីតាំងដូចខាងក្រោម ៖

ក. ក្រុងព្រះសីហនុ មាន ២ទីតាំង៖
១- សាលាបឋមសិក្សាវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
២- សាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ខ. ក្រុងកោះរ៉ុង មាន ១ទីតាំង៖
១-រីហ្សតបាកាស ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

គ. ស្រុកព្រៃនប់ មាន ៣ទីតាំង៖
១- វត្តអូរចំណារ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។
២- អនុវិទ្យាល័យសំរុង ស្ថិតនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់។
៣- អនុវិទ្យាល័យទួលកែវ ស្ថិតនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់។

ឃ. ស្រុកស្ទឹងហាវ មាន ១ទីតាំង៖
១- វិទ្យាល័យស្ទឹងហាវ ស្ថិតនៅភូមិ ៣ ឃុំអូរ ស្រុកស្ទឹងហាវ។

ង. ស្រុកកំពង់សីលា មាន ២ទីតាំង៖
១- វិទ្យាល័យ ហ៊ុន សែន កំពង់សីលា ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។
២- សាលាបឋមសិក្សាគីរីវន្ត ស្ថិតនៅភូមិគិរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ។

អាស្រ័យដូចនេះ សូមមាតាបិតា អ្នកអាណាព្យាបាលទាំងអស់នាំកូន ចៅ ក្មួយ អ្នករស់នៅក្នុងបន្ទុកដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗ គ្នាតាមកាលបរិច្ឆេទ និងទីកន្លែងដូចបានរៀបរាប់ជូនដោយភ្ជាប់មកជាមួយនូវ ប័ណ្ណស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រកំណើតរបស់សាមីខ្លួន (កុមារ ឬយុវជន)៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង