រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមអគារសម្រាប់ពលករ វិលមកពីប្រទេសជិតខាង ធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលអគារត្រៀមសម្រាប់ពលករដែលវិលត្រលប់មកពីប្រទេសជិតខាងសម្រាប់ធ្វើចត្តាឡីស័ក ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងការចុះត្រួតពិនិត្យនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកស្នងការរងនគរបាលខេត្តផងដែរ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អាគារនេះរដ្ឋបាលខេត្តបានត្រៀមរៀបចំសម្រាប់ទទួលពលករចំណាកស្រុកវិលមកពីប្រទេសជិតខាង។ ហើយអគារនេះមានចំនួន ២អគារ ក្នុងនោះ អគារទី១.សម្រាប់ទទួលពលករស្នាក់នៅ និងធ្វើចត្តាឡីស័ក។ អគារទី២. សម្រាប់ព្យាបាលពលករ ដែលក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមានកូវីដ-១៩ ហើយអគារទាំងពីរនេះអាចឱ្យពលករស្នាក់នៅបានចំនួន ៨០នាក់។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំ ពិសេសរកវីរុសបំលែងថ្មី(Delta) ដែលមានប្រភពមកពីប្រទេសឥណ្ឌា ក្នុងនោះលោកបានជូនពរដល់ក្រុមគ្រូពេទ្យ និងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ឱ្យបំពេញការងារទទួលបានជោគជ័យ និងជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង