រដ្ឋបាលខេត្តព្រះសីហនុ នឹងប្រារព្ធពិធីបុណ្យសមុទ្រនៅដំណាច់ឆ្នាំនេះ ប្រសិន​មិនមានការរំខានពីជំងឺកូវី-១៩

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ បាន​ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថី​តេជោ​ តភ្ជាប់ពីវិថី​ ២ធ្នូ មកចុងផ្លូវ​ ៥០២ ស្ថិតនៅតំបន់ពយតាមូង​ ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោកអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារត្រូវពន្លឿន ចំពោះការរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយ ប្រកបដោយគុណភាព បរិស្ថានស្អាត និងសោភ័ណភាពល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងឱកាស នៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាពេលខាងមុខ។

លោក គួច ចំរើន បន្តថា នៅដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង