បទល្មើសកាប់​ទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើកម្មសិទ្ធិ ​បន្តកើតមាន​អនាធិបតេយ្យនៅស្រុកស្រែអំបិល​

ខេត្តកោះកុង៖ ប្រជាពលរដ្ឋ បានអះអាងថា រាល់ថ្ងៃនេះ សង្កេតឃើញមានសកម្មភាព របស់បុគ្គលមួយចំនួន បានចូលទៅកាប់រុករានទន្ទ្រានដីព្រៃ​របស់រដ្ឋ ធ្វើកម្មសិទ្ធិ​ បានកើតមានយ៉ាងអនាធិបតេយ្យ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ប៉ុន្តែមិនឃើញអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីពីមន្ទីរស្ថាប័នជំនាញផ្នែកពាក់ព័ន្ធណាមួយ ចុះទៅបង្ក្រាប ឬទប់ស្កាត់នោះទេ។

ពលរដ្ឋបន្តថា យ៉ាងហោចមានដីព្រៃ​របស់រដ្ឋ ជិត ១០០ហិកតា កំពុងរងនូវការកាប់ទន្ទ្រានដោយខុសច្បាប់ ពីសំណាក់អ្នកមានលុយ និងមានអំណាចមួយចំនួន រស់នៅស្រុកស្រែអំបិល និងនៅរាជធានីភ្នំពេញ។ ហើយថា សកម្មភាពជួលមនុស្សឲ្យទៅចូលកាប់រានដីព្រៃ របស់រដ្ឋ ឬជួលគ្រឿងចក្រ ឲ្យទៅឈូសឆាយដីព្រៃរដ្ឋ នៅមូលដ្ឋានឃុំដងពែង ស្រុកស្រែអំបិលរាល់ថ្ងៃនេះ គឺបានធ្វើសកម្មភាពជាង ២ខែកន្លងមកហើយ ដោយមិន​ឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ណាម្នាក់ចុះហាមឃាត់ឡើយ។

ប្រជាពលរដ្ឋបន្តថា រាល់ថ្ងៃនេះគេឃើញឈ្មោះ សៀង ឈី បាននាំយកគ្រឿងចក្រទៅឈូសកាយដីព្រៃរបស់រដ្ឋ មានទីតាំងនៅចំណុចវាលពួច ស្ថិតក្នុងភូមិ​ត្រពាំង ឃុំ​ដងពែង ស្រុកស្រែអំបិល ហើយក៏មិនឃើញ​អាជ្ញាធរ ចុះទៅហាមឃាត់នោះដែរ។​

ទាក់ទិនការចោទប្រកាន់នេះ លោក សៀង ឈី ម្ចាស់គ្រឿងចក្រ បានឲ្យសារព័ត៌មាន​ដឹង កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១​​ថា ដីដែលរូបលោកនាំយកគ្រឿងចក្រ ទៅឈូសឆាយ និងកាយព្រំដី​ហ៊ុមព័ទ្ធ ដើម្បីកំណត់ព្រំដី នៅឃុំដងពែង​នេះ សរុបមានចំនួន ៨៧ហិកតា។ ហើយដី​នេះ ជាកម្មសិទ្ធិ របស់ លោក ម៉ាទី អតីតអធិការស្រុកស្រែអំបិល និងភរិយា។

លោក សៀង ឈី បន្តទៀតថា ដីនេះមិនមែន​ជាដី ​របស់លោក ម៉ាទី និងភរិយាលោកទាំងអស់នោះទេ ពោលគឺមានម្ចាស់ដីខ្លះ មានលំនៅដ្ឋាននៅរាជធានីភ្នំពេញឯណោះ។ ហើយពួកគេ បានជួលប្រជាពលរដ្ឋ ឲ្យចូលទៅកាប់ទន្ទ្រាន​ដីព្រៃ មានទីតាំងនៅក្នុងដែនគ្រប់គ្រងប្រើប្រាស់ច្រើនយ៉ាងដងពែង​ ស្រុកស្រែអំបិល ដើម្បីធ្វើកម្មសិទ្ធិ។

គួររំលឹកថា កន្លងមក លោក សុខ សទ្ធី អភិបាលរងខេត្តកោះកុង ទទួលបន្ទុកវិវាទដីធ្លី ធ្លាប់ព្រមានថា ជនទាំងឡាយណា ដែលបំពានដីព្រៃរបស់រដ្ឋ នឹងត្រូវឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ផ្តន្ទាទោសតាមផ្លូវច្បាប់ ទោះអ្នកនោះមានមុខនាទីជាអ្វីក៏ដោយចុះ..។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅស្រុកស្រែអំបិល បានសំណូមពរដល់ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយបញ្ជូនមន្ត្រីចុះពិនិត្យ ចំពោះសកម្មភាពកាប់បំផ្លាញដីព្រៃ របស់រដ្ឋធ្វើកម្មសិទ្ធិ​ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ នៅ​ឃុំដងពែង ឲ្យបានឆាប់ផង ត្បិតបទល្មើសទន្ទ្រានដីព្រៃរដ្ឋ នៅមូលដ្ឋានខាងលើនេះ បានកើតមានជាង ២ខែកន្លងមកហើយ នៅឡើយមិនឃើញមានអាជ្ញាធរ ឬមន្ត្រីពីមន្ទីរស្ថាប័នជំនាញណាមួយ ចុះមកពិនិត្យ ឬមានវិធានការទប់ស្កាត់នៅឡើយទេ។

ជាងនេះទៀត ក៏ស្នើដល់ អ្នកស្រី មិថុនា ភូថង ជួយកោះអញ្ជើញ លោក សៀង ឈី និង លោក ម៉ា ទី ព្រមទាំងប្រពន្ធ របស់លោក​ ​ដែលមានឈ្មោះជាប់ពាក់ព័ន្ធ សកម្មភាពចូលទៅកាប់បំផ្លាញ​ដីព្រៃរបស់រដ្ឋ ធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យនៅស្រុកស្រែអំបិល ​ដើម្បីឈានទៅការពារធនធានព្រៃឈើ ដែលនៅសេសសល់ក្នុងតំបន់ប្រើប្រាស់ច្រើយ៉ាងដងពែង ឲ្យបានគង់វង្ស។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង​ លោក ម៉ា ទី និងភរិយា ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់លើករណីជួលមនុស្ស ឲ្យទៅកាប់បំផ្លាញព្រៃឈើរានយកដីធ្វើកម្មសិទ្ធិខុសច្បាប់ នៅឃុំដងពែង បាននៅឡើយទេ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ​២០២១នេះ៕​

អត្ថបទដែលជាប់ទាក់ទង