សមាគមអ្នកគាំទ្រសន្តិភាព នាំយកជំនួយភជូនបុរសពិការជើងទាំងពីរម្នាក់ រស់នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមាគមអ្នកគាំទ្រសន្តិភាព (២១៩) សាខាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកជំនួយជូនដល់បុរសម្នាក់ ពិការជើងទាំងសងខាង រស់នៅក្រុម១៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលកំពុងជួបទុក្ខលំបាកខ្លាំង នូវជីវភាពខ្វះខាតស្បៀងអាហារ ព្រមទាំងមានជំងឺប្រចាំកាយទៀតផង។

ការផ្តល់ជំនួយនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពី សមាជិកគណៈកម្មាធិការកណ្ដាលសមាគម លោក ឡាយ ចាន់ណារ៉េត និងប្រធានសមាគមអ្នកគាំទ្រសន្តិភាព (២១៩) សាខាខេត្តព្រះសីហនុ លោក ម៉ាក់ ស៊ីថាត ព្រមទាំងសមាជិក សមាជិកការផងដែរ។

នាឱកាសនោះ លោក ម៉ាក់ ស៊ីថាត បានអំពាវនាវដល់បុរសពិការជើង ខាងលើ សូមចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីអនាម័យជាប្រចាំ និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ជំនួយទាំងនោះរួមមាន៖ អង្ករ ២៥គីឡូក្រាម, មីម៉ាម៉ា ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ប្រេងឆា ១ដប, ស្ករស ១គីឡូ, ប៉ីចេង ១គីឡូ, កាហ្វេ ១កញ្ចប់ធំ, ទឹកដោះគោឆៅ ១យួរ, ទឹកសុទ្ធ ១កេស និងម៉ាស់ ១ប្រអប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង