ពលរដ្ឋ​ស្រុកព្រៃនប់ អះអាងថា មានចោរប្លន់ប្រដាប់អាវុធមួយក្រុម ​បានចូលប្លន់ទ្រព្យសម្បត្តិពួកគាត់ និងដុតផ្ទះបំផ្លាញចោល

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋមានលំនៅដ្ឋានរស់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ មានក្រុមចោប្លន់ប្រដាប់អាវមួយក្រុម មានគ្នារាប់សិបនាក់ បានចូលប្លន់យកទ្រព្យសម្បតិ្ដ របស់ពួកគាត់ ហើយបាន វាយដំ គម្រាមបាញ់សម្លាប់ និងដុតបំផ្លាញលំនៅដ្ឋាន របស់ពួកគាត់បំផ្លាញចោល រួចគេចខ្លួនដោយសុវត្ថិភាព។
ពលរដ្ឋបន្តថា ក្រុមចោរប្លន់ទាំងនោះ មានគ្នារាប់សិបនាក់ និងប្រើប្រាស់កាំភ្លើងអាកាចំនួន ០២ដើម- ជំពាមកៅស៊ូ កាំបិត និងកាំភ្លើងស្នប់ ឬកាំភ្លើងកែច្នៃ ហើយបានសម្រុកចូលមកប្លន់ពលរដ្ឋពួកគាត់ មានលំនៅដ្ឋាននៅម្តុំជិតភ្នំត្រងោល ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តំណាងប្រជាពលរដ្ឋរងគ្រោះដោយអំពើប្លន់ បានឲ្យអ្នកសារព័ត៌មានដឹងថា ក្រុមចោលប្លន់ទាំងនោះ បានប្រមូលយកទ្រព្យសសម្បត្តិលុយកាក់ ទូរស័ព្ទដៃ និងបានគម្រាមបាញ់សម្លាប់ ព្រមទាំងបានដុតម៉ូតូ និងដុតផ្ទះ របស់ប្រជាពលរដ្ឋបំផ្លាញចោលថែមទៀតផង។

ផ្តើមពីបញ្ហានេះ ពលរដ្ឋរស់នៅភូមិពូធឿង បានសំណូមពរដល់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាពិសេសលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍ និងបញ្ជូនកម្លាំងជំនាញ ឲ្យចុះស៊ើបអង្កេតទៅលើកម្រុមចោលប្លន់ប្រដាប់អាវុធ មានគ្នារាប់សិបនាក់ ដែលដើរធ្វើសកម្មភាពបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រស់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ឲ្យបានឆាប់ផត។ ត្បិតនៅពេលយប់មកដល់ ប្រជាពលរដ្ឋ រស់នៅមូលដ្ឋាននេះ មានការព្រួយបារម្ភអំពីសុវត្ថិភាព ក្នុងការរស់នៅ និងការចេញប្រកបរបរទទួលទានជាដើម។

​ទាក់ទិនបញ្ហានេះ លោក មៀច ចាន់ មេឃុំបិតត្រាំង បាន​ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ករណីពលរដ្ឋលើកឡើងមានក្រុមចោរប្លន់ប្រដាប់អាវុធខាងលើនេះ រូបលោក បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចុះស្រាវជ្រាវរួចហើយ​។ លោកមេឃុំសង្ស័យថា ករណីប្រើហិង្សាខាងលើនេះ គឺទំនង​អាចជារឿងឈ្លោះដណ្ដើមដីគ្នា។

ចំណែក លោក តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាល ឃុំបិតត្រាំង មានប្រសាសន៍ថា ករណីអំពើប្លន់ខាងលើនេះ នៅមិនទាន់កំណត់មុខសញ្ញាបានទេ ព្រោះក្រោយ​កើតហេតុ សមត្ថកិច្ច បានចុះទៅដល់ ​មិនឃើញភាគី​ម្ខាងទៀត នៅកន្លែងកើតហេតុឡើយ​។

ជុំវិញករណី​នេះ ប្រជាពលរដ្ឋរងគ្រោះ បានចោទសមត្ថកិច្ច​ និងអាជ្ញាធរមូលដ្ឋានមួយចំនួន ថាហាក់មិនសូវយកចិត្តទុកដាក់លើការងារ ថែរក្សា​សន្តិសុខជូនប្រជាពលរដ្ឋនោះទេ។ ប្រជាពលរដ្ឋបន្តទៀតថា ក្រោយពេលកើតហេតុ ​កម្លាំងនគរបាលប៉ុស្តិ៍បិតត្រាំង និងកម្លាំងកងរាជអាវុធហត្ថ បានចុះមកដល់កន្លែងកើតហេតុដែរ ប៉ុន្តែហាក់មកបង្ហាញវត្តមាន ដើម្បីតែបង្គ្រប់កិច្ច​ប៉ុណ្ណោះ ព្រោះក្រោយពេល សួរនាំប្រជាពលរដ្ឋរងគ្រោះ ពីរបីមាត់ ​ក៏វិលត្រឡប់ទៅវិញបាត់ស្រមោល។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅឃុំបិតត្រាំង ស្រុកព្រៃនប់​ បានបង្ហាញការព្រួយបារម្ភ និងបានសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយចេញបទបញ្ជាមកកម្លាំងនគរបាលខេត្តព្រះសីហនុ ឲ្យចុះស៊ើបអង្កេត ដើម្បីឈានទៅឃាត់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម មានគ្នារាប់សិបនាក់ ដែលបានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ គម្រាមសម្លាប់ និងដុតបំផ្លាញផ្ទះ របស់ប្រជាពលរដ្ឋបំផ្លាញចោលអស់មួយខ្នង កាលពី​ថ្ងៃទី០៨ ខែសីហា ឆ្នាំ​២០២១ ដើម្បីផ្តល់យុត្តិធ៌មជូនពួកគាត់ ដោយអនុគ្រោះផងចុះ។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះ​សីហនុ ដើម្បីបំភ្លឺជុំវិញករណីខាងលើបានទេ នៅ​ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង