រដ្ឋបាលខេត្តព្រះសីហនុ បើកឲ្យដំណើរការផ្សារលើឡើងវិញ បន្ទាប់ពីបិទ​ជាច្រើនខែ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឲ្យ​បើកដំណើរការផ្សារលើ​ឡើងវិញ បន្ទាប់ពី​ក្រុមការងារ របស់រដ្ឋបាលខេត្ដ​ បានចុះយកវត្ថុសំណាកអាជីវករលក់ដូរក្នុងផ្សារនេះ ជាង ១.៦០០នាក់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩​រួចរាល់ ហើយមិនមានឆ្លងជំងឺរាតត្បាតនេះទៀតនោះ។

កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន ​អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យតូបលក់ដូរមួយចំនួន នៅក្នុងបរិវេណផ្សារលើ ក្រុងព្រះសីហនុ ដែលបានបិទ​ផ្អាកដំណើរការអស់ជាច្រើនខែ ដោយសាររកឃើញអាជីវករលក់ដូរក្នុងផ្សារនេះ បានឆ្លងជំងឺកូវីដ-១៩។

នាឱកាសនោះ លោក គួច ចំរើន បានណែនាំ​ដល់អ្នកគ្រប់គ្រងផ្សារលើរ ឲ្យរៀបចំ​កែលម្អតូបលក់ដូរ ទីធ្លា និងគម្លាតសុវត្ថិភាពជាដើម ឱ្យមានស្តង់ដារ ដើម្បីបើកដំណើរការអាជីវកម្មលក់ដូរឡើងវិញ ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការឆ្លង​រាលដាល​ជំងឺកូវីដ-១៩ ក្នុងសហគមន៍។

​​សេចក្តីសម្រេច របស់រដ្ឋបាលខេត្តព្រះសីហនុ ​ចុះថ្ងៃទី១០ ខែសីហា ស្តីពីការបើកឱ្យដំណើរការឡើងវិញ នូវអាជីវកម្មលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ នឹងអនុញ្ញាតិឲ្យបើកដំណើរការជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១​​តទៅ។

​ខ្លឹមសារក្នុងសេចក្តីសម្រេចនេះ បានតម្រូវឲ្យប្រធានគ្រប់គ្រងផ្សារ និងអាជីវករលក់ដូរទាំងអស់​នៅក្នុងផ្សារលើ ត្រូវអនុវត្ឲ្យយបានម៉ឺងម៉ាត់ នូវវិធានការមួយចំនួន ដូចខាងក្រោម​៖

– រៀបចំច្រកចេញ-ចូលឱ្យបានធំទូលាយ ដោយមានរៀបចំដាក់ខ្សែសុវត្ថិភាព និងរៀបចំម៉ាស៊ីនវាស់កម្តៅ និងម៉ាស៊ីនបាញ់អាល់កុលនៅច្រកចេញ-ចូលផ្សារឱ្យបានត្រឹមត្រូវ និងល្អប្រសើរ

– រៀបចំតូបលក់ដូរនីមួយៗ ដោយរក្សាឱ្យបាននូវគម្លាតរវាងអាជីវករ និងអតិថិជន (យ៉ាងតិច ១,៥០ម៉ែត្រពីគ្នា)

– រៀបចំចងបដា ស្តីពីវិធានសុខាភិបាលដើម្បីអប់រំណែនាំដល់អាជីវករ និងអតិថិជននៅក្នុងបរិវេណផ្សារ

– រៀបចំការផ្សព្វផ្សាយជូនបងប្អូនអាជីវករ និងអតិថិជនឱ្យបានយល់ដឹងជ្រួតជ្រាបបន្ថែមអំពីវិធីបង្ការជំងឺឆ្លងកូវីដ-១៩ តាមរយៈសារសំឡេង និងរូបភាព

– អាជីវករលក់ដូរ និងអតិថិជនដែលចូលទិញទំនិញក្នុងផ្សារត្រូវពាក់ម៉ាសជាដាច់ខាត

– អនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ « ៣ការពារ និង៣កុំ » របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួន

– អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារសេចក្តីណែនាំលេខ ០១៥/២១សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខា​ភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្ដុំ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង