រកឃើញមេរោគកូវីដ-១៩ បំលែងថ្មីប្រភេទ Delta នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ មានកុមារា អាយុ ១០ឆ្នាំ ម្នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាករបស់គាត់ បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ គឺទទួលបានលទ្ធផល មានវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta។

រដ្ឋបាលខេត្តបញ្ជាក់ថា កុមារាខាងលើនេះ បានធ្វើដំណើរត្រឡប់ពីព្រះរាជាណាចក្រថៃ ចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកឡែម ដោយធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ និងបានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័កនៅអគារព្យាបាលសាកាណា៣។ ហើយថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានយកសំណាកគាត់ទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទើបលទ្ធផលមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta នេះ។

រដ្ឋបាលខេត្តព្រះសីហនុ បន្តទៀតថា កុមារមានជំងឺកូវីដ-១៩ បំប្លែង​ថ្មីខាងលើនេះ គឺធ្វើដំណើរមកពីប្រទេស​ថៃ ជាមួយម្ដាយ ក៏ប៉ុន្តែ​ម្ដាយមានវិជ្ជមានកូវីដ-១៩ តែមិនមែន​ប្រភេទបំប្លែងថ្មីនេះទេ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង