ដើមស្មាច់និងដើមកោងកាង​រាប់សិបហិកតា នៅស្រុកបុទុមសាគរ រងការកាប់បំផ្លាញរានដីធ្វើកម្មសិទ្ធិ​

ខេត្តកោះកុង៖ ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង បានអះអាងថា រាល់ថ្ងៃនេះឃើញមានបុគ្គលមួយចំនួន បាននាំគ្នាចូលទៅកាប់ផ្តួលរំលំដើមស្មាច់ និងដើមកោងកាង ស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ដួលរាបដល់ដីមានទំហំផ្ទៃដីរាប់សិបហិកតា ដោយប្រើម៉ាស៊ីនត្រង់ស៊ីន័រ សម្រាប់ផ្តួលរំលំ នៅត្រង់ចំណុចព្រែកតាព្រហ្ម ស្ថិតក្នុងភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ កំពុងកើតមានយ៉ាងអនាធិបតេយ្យ និងគ្មានអាជ្ញាធរហាមឃាត់ទេ។

ប្រភពបន្តថា ដីព្រៃធម្មជាតិរបស់រដ្ឋ ដែលត្រូវគេចូលទៅកាប់បំផ្លាញ និងប្រើគ្រឿងចក្រឈូសកាយ ដើម្បីកំណត់ព្រំដីម្ចាស់នីមួយៗ រាល់ថ្ងៃនេះ គឺអាចមានទំហំផ្ទៃដីប្រមាណជិត ៦០ហិកតា។ ហើយសកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុងនេះ ក៏មានមន្ត្រីខិលខូច និងឈ្មួញមានទ្រព្យមួយចំនួន បានជួលមនុស្សមកពីតំបន់ផ្សេងៗ ឲ្យទៅកាប់ផ្តួលរំលំដើមឈើទាំងនោះ ហើយលួចដាក់គ្រឿងចក្រ ដើម្បីកាយកំណត់ព្រំដីធ្វើកម្មសិទ្ធិឯកជនដោយខុសច្បាប់ស្ងាត់ៗ។

ប្រភពពីប្រជានេសាទ ដែលរុករកផលនេសាទក្នុងតំបន់ព្រៃជ្រៅ ថ្លែងថា ពួកគាត់បានប្រទះឃើញព្រៃស្មាច់និងដើមកោងកាងរាប់សិបហិចតា នៅចំណុចព្រែកតាព្រហ្ម- ចំណុចខោកតាដោក រហូតដល់ចំណុចមាត់ព្រែកតាអុក ស្ថិតក្នុងចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីស្នាក់ការឧទ្យានជាតិអណ្តូងទឹក ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ត្រូវបានគេកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ប៉ុន្តែមិនឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញពីស្ថាប័នពាក់ព័ន្ធណាមួយចុះទប់ស្កាត់ទេ។

ទាក់ទិនបញ្ហានេះ មន្ត្រីរដ្ឋបាលស្រុកបុទុមសាគរ មិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រោយទទួលបានព័ត៌មានពីសកម្មភាពកាប់បំផ្លាញព្រៃស្មាច់ និងព្រៃកោងកាង នៅមូលដ្ឋានខាងលើនេះរួច ពេលនេះ មន្ត្រីជំនាញត្រៀមចុះទៅហាមឃាត់ និងចុះចុចនិយាមការ ដើម្បីបញ្ជាក់ពីទីតាំងដីព្រៃរបស់រដ្ឋ ដែលរងការកាប់បំផ្លាញនេះរួចហើយ។

យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋរស់នៅឃុំអណ្តូងទឹក ស្រុកបុទុមសាគរ បានសំណូមពរដល់ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយបញ្ជូនមន្ត្រីជំនាញឲ្យចុះទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃស្មាច់ និងដើមកោងកាង របស់រដ្ឋ ដែលជនល្មើសកំពុងចូលទៅកាប់រានធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ ឲ្យបានឆាប់ផង។ ត្បិតជាបន្តបន្ទាប់មកនេះ មន្ត្រីថ្នាក់ដឹកនាំស្រុកបុទុមសាគរ ហាក់មិនរវល់អើពើក្នុងការទប់ស្កាត់បទល្មើសកាប់បំផ្លាញដើមស្មាច់ និងដើមកោងកាង នៅក្នុងមូលដ្ឋាននេះទេ​៕

អត្ថបទដែលជាប់ទាក់ទង