ស្នងការនគរបាលខេត្តព្រះសីហនុថា ករណីហិង្សានៅភ្នំត្រងោល មិនមែនជាអំពើប្លន់ប្រដាប់អាវុធទេ​ គឺជម្លោះដណ្តើមដីគ្នាតែប៉ុណ្ណោះ

ខេត្តព្រះសីហនុ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ករណីប្រើអំពើហិង្សា កាលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី នៅចំណុចភ្នំត្រង៉ោល ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មិនមែនជាករណីប្លន់ប្រដាប់អាវុធនោះទេ។ ប៉ុន្តែជាករណីឈ្មោះដណ្តើមដីគ្នា រវាងជនអនាធិបតេយ្យទន្ទ្រានដីរដ្ឋ និងជនមិនស្គាល់អត្តសញ្ញាណមួយក្រុម។

លោកបន្តថា កាលពីថ្ងៃទី០៨ ខែសីហា មានករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេនា «ឈ្លោះដណ្តើមដីគ្នា» បង្កដោយមនុស្សមួយក្រុម «មិនស្គាល់អត្តសញ្ញាណ» បានធ្វើសកម្មភាពដេញវាយប្រជាពលរដ្ឋ រស់នៅភូមឃុំខាងលើ ឱ្យរត់ចោលផ្ទះ រួចក៏នាំ​គ្នាដុតបំផ្លាញផ្ទះទាំងនោះចោល។

លោកជួន ណារិន្ទ បន្តថា ករណីខាងលើនេះ មិនមែនជាករណីប្លន់ បាញ់បោះប្រដាប់អាវុធនោះទេ គឺជាជម្លោះ រវាងក្រុមអណាធិបតេយ្យ និងអណាធិបតេយ្យតែប៉ុណ្ណោះ។ ហើយថា រូបលោក បានបញ្ជាឱ្យលោកអធិការរងនគរបាលស្រុកព្រៃនប់ ទទួលការងារព្រហ្មទណ្ឌឲ្យ​ដឹកនាំកម្លាំងចំរុះ ចុះទៅដល់ទីកន្លែងកើតហេតុ នៅថ្ងៃកើតហេតុនោះដែរ ប៉ុន្តែក្រុមបង្កជម្លោះ ដែលបានដុតបំផ្លាញផ្ទះពលរដ្ឋទាំងនោះ បានរត់ចូលព្រៃអស់។

លោក ជួន ណារិន្ទ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះពលរដ្ឋ ដែលកំពុងរស់នៅលើទីតាំងខាងលើនេះ ក៏សុទ្ធសឹងជាអ្នកចូលមកចាប់ទន្ទ្រានដីរស់នៅដោយខុសច្បាប់ផងដែរ។ ហើយ ចំពោះរថយន្ត ដែលខូចខាត​ ពុំឃើញនៅកន្លែងកើតហេតុទេ នៅពេល​សមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតមានហិង្សានោះទេ។

ទោះជាបែបនេះក្តី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានខិតខំយកចិត្តទុកដាក់ទៅលើការងារថែរក្សាការពារសុខសុវត្ថិភាព  និង សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តនេះមិនទ្វេសប្រហែសនោះទេ ពោលគឺបំរើរប្រជាពលរដ្ឋដោយមានការទទួលខុសត្រូវខ្ពស់ ដោយមិនបណ្តោយឲ្យក្រុមណាមួយ ចូលមកធ្វើសកម្មភាពប្លន់ កាប់ ចាក់ ស្រេចតែអំពើរចិត្ត នៅក្នុងមូលដ្ឋាននេះបាន​ទេ។ ហើយថា ករណីហិង្សានៅភូមិចំណោទរាម ឃុំបិតត្រាំងនេះ គឺសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅនាំខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

ចំណែក លោក ឃាង​ ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ករណីហិង្សាខាងលើនេះ គឺផ្ដើមចេញពីបញ្ហាទំនាស់ដីធ្លី ដណ្ដើមដីរដ្ឋកាន់កាប់រៀងៗខ្លួន រវាងក្រុមអនាធិបតេយ្យមួយក្រុម ដែលចូលទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងក្រុមជនល្មើស ដែលមិនស្គាល់អត្តសញ្ញាណ។ ហើយអំពើហិង្សានេះ បានធ្វើឱ្យមានរបួសស្នាមដល់ប្រជាពលរដ្ឋ និងដុតបំផ្លាញទ្រព្យសម្បត្ដិ របស់ពួកគាត់ នៅក្នុងភូមិចំណោទរាម ឃុំបិតត្រាំង អស់ជាច្រើន។

លោកបន្តថា ករណីហិង្សាខាងលើនេះ អាជ្ញាធរខេត្ដ និងកម្លាំងជំនាញនគរបាល នៃស្នងការនគរបាលខេត្ដព្រះសីហនុ ​បានចុះស្រាវជ្រាវ​កំណត់អត្ដសញ្ញាណជនលើ្មស ដើម្បីចាប់ខ្លួនបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង