ស្នងការនគរបាលខេត្តព្រះសីហនុ ច្រានចោល​ការ​ផ្សាយ របស់សារព័ត៌មាន The Cambodia Daily ​ថាផ្សាយបំផ្លើសការពិត

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ច្រានចោលចំពោះការចុះផ្សាយ របស់សារព័ត៌មាន The Cambodia Daily ថាបានផ្សាយបំផ្លើសការពិត ដែលថា «ពលរដ្ឋឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តែងការព្រួយបារម្ម ដោយសារមួយរយៈពេលកន្លងមកនេះ មានក្រុមចោរប្លន់ប្រដាប់អាវុធចេញប្លន់ទ្រព្យសម្បត្តិ- ដុតផ្ទះ ព្រមទាំងគំរាមសម្លាប់ពលរដ្ឋថែមទៀតផង។» ប៉ុន្តែការពិត ករណីហិង្សានៅភ្នំត្រងោលភូមិចំណោទរាម ឃុំបិតត្រាំង មិនមែនជាអំពើប្លន់ប្រដាប់អាវុធទេ គឺជាជម្លោះដណ្តើមដីរដ្ឋខុសច្បាប់តែប៉ុណ្ណោះ។)

ស្នងនគរបាលខេត្តព្រះសីហនុ គឺលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ថា ករណីផ្ទុះអំពើហិង្សានៅចំណុចភ្នំត្រង៉ោល ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោង ១២ និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មិនមែនជាករណីប្លន់ប្រដាប់អាវុធនោះទេ។ ប៉ុន្តែជាករណីឈ្លោះដណ្តើមដីគ្នា រវាងជនអនាធិបតេយ្យចូលមកទន្ទ្រានដីរដ្ឋខុសច្បាប់ និងជនមិនស្គាល់អត្តសញ្ញាណមួយក្រុមទៀតតែប៉ុណ្ណោះ។

បន្ថែមលើនេះ កាលពីថ្ងៃទី១២ ខែសីហា លោក ជួន ណារិន្ទ ក៏បានប្រកាសច្រានចោល ចំពោះការចេញផ្សាយ របស់សារព័ត៌មាន The Cambodia Dialy បានផ្សាយបំផ្លើសការពិត ដែលថា «ពលរដ្ឋឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តែងការព្រួយបារម្ម ដោយសារមួយរយៈពេលកន្លងមកនេះ មានក្រុមចោរប្លន់ប្រដាប់អាវុធចេញប្លន់ទ្រព្យសម្បត្តិ- ដុតផ្ទះ ព្រមទាំងគំរាមសម្លាប់ពលរដ្ឋថែមទៀតផង។»

ត្រង់ចំណុចនេះ លោកស្នងការបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែសីហា មានករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេនា «ឈ្លោះដណ្តើមដីគ្នា» បង្កដោយមនុស្សមួយក្រុម «មិនស្គាល់អត្តសញ្ញាណ» បានធ្វើសកម្មភាពដេញវាយប្រជាពលរដ្ឋ រស់នៅភូមិចំណោទរាម ឃុំបិតត្រាំង ឱ្យរត់ចោលផ្ទះ រួចក៏នាំគ្នាដុតបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិពលរដ្ឋទាំងនោះចោល។ ហើយករណីនេះ មិនមែនជាករណីប្លន់ អាវុធនោះទេ ប៉ុន្តែវាជាជម្លោះ រវាងក្រុមជនអនាធិបតេយ្យ និងជនអនាធិបតេយ្យ ដែលចូលទៅទន្ទ្រានដីរដ្ឋខុសច្បាប់ទៅវិញទេ?។ ហើយថាករណីនេះ រូបលោក ក៏បានបញ្ជាឱ្យលោកអធិការរងនគរបាលស្រុកព្រៃនប់ ទទួលការងារព្រហ្មទណ្ឌ ឲ្យដឹកនាំកម្លាំងចំរុះចុះទៅដល់ទីកន្លែងផ្ទុះអំពើហិង្សា នៅថ្ងៃកើតហេតុភ្លាមៗដែរ ប៉ុន្តែក្រុមបង្កជម្លោះ ដែលបានដុតបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋទាំងនោះ ក៏បានរត់គេចចូលព្រៃអស់។

លោក ជួន ណារិន្ទ បន្តថា ចំពោះពលរដ្ឋ ដែលកំពុងរស់នៅលើទីតាំងខាងលើនេះ ក៏ជាអ្នកចូលមកចាប់ទន្ទ្រានដីរដ្ឋ ដើម្បីសង់ផ្ទះរស់នៅដោយខុសច្បាប់ដែរ។ ហើយ ចំពោះរថយន្ត ដែលរងការខូចខាត ពេលសមត្ថកិច្ចទៅដល់ ពុំឃើញនៅកន្លែងកើតហេតុទៀតទេ។
លោកឧត្តមសេនីយ៍ទោ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ជាបន្តបន្ទាប់មកនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសកម្លាំងនគរបាល បានខិតខំយកចិត្តទុកដាក់ទៅលើការងារថែរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះមិនទ្វេសប្រហែសទេ ពោលគឺបំរើរប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ខ្ពស់។ ហើយរូបលោក ក៏មិនបណ្តោយឲ្យក្រុមណាមួយ ចូលមកធ្វើសកម្មភាពប្លន់- កាប់-ចាក់ ឬធ្វើសកម្មភាពល្មើស ស្រេចតែអំពើរចិត្ត នៅក្នុងខេត្តព្រះសីហនុ បានដែរ។

លោក ជួន ណារិន្ទ សង្កត់ធ្ងន់ថា ចំពោះករណីផ្ទុះអំពើហិង្សានៅភូមិចំណោទរាម ឃុំបិតត្រាំង កាលពីថ្ងៃទី០៨ ខែសីហា គឺសមត្ថកិច្ចជំនាញក៏កំពុងបន្តចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅនាំខ្លួនជនល្មើសយកមកផ្តន្ទាទោសឲ្យបានជាដាច់ខាត។

ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋរស់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ បានចាត់ទុកសកម្មភាព របស់ជនល្មើសមួយក្រុមមានគ្នារាប់សិបនាក់ ប្រដាប់ដោយអាវុធវែងពីរដើម- កាំភ្លើងស្នប់ ឬកាំភ្លើងកែឆ្នៃ- ជំពាមកៅស៊ូ និងកាំបិតគ្រប់ដៃ ដែលបានចូលមកដុតផ្ទះ- គម្រាមសម្លាប់ពួកគាត់- ដុតម៉ាស៊ីនភ្លើង- ដុតម៉ូតូ និងប្រមូលយកទ្រព្យសម្បត្តិពួកគាត់ដូចជាទូរសព័្ទដៃអស់ជាច្រើនគ្រឿង ថាជាអំពើប្លន់ប្រដាប់អាវុធ។ ហើយសំណូមពរដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ជាពិសេសសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍ចាប់ជនល្មើសយកមកផ្តន្ទាទោសឲ្យបានឆាប់ ដើម្បីផ្តល់យុត្តិធ៌មជូនប្រជាពលរដ្ឋពួកគាត់ផងចុះ។

កន្លងមកនេះ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ កុំឲ្យស្ពឹកស្រពន់ និងត្រូវតាមដានទៅលើបណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានចុះផ្សាយ ហើយប៉ះពាល់ដល់អង្គភាព របស់ខ្លួន គឺថ្នាក់ដឹកនាំអង្គភាពនីមួយៗ ត្រូវមានអន្តរាគមន៍ ឬបកស្រាយភ្លាមៗ ដោយមិនត្រូវរង់ចាំបញ្ជាពីថ្នាក់លើនោះទេ៕

អត្ថបទដែលជាប់ទាក់ទង