ជនជាតិចិនមួយក្រុម ចាប់ចិនដូចគ្នារុញបញ្ចូលក្នុងឡាន ផ្អើលក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីជនជាតិចិនចំនួន ០៥នាក់ ដែលបានចាប់បុរសជនជាតិចិន ម្នាក់ទៀត រុញបញ្ចូល ក្នុងរថយន្តមួយគ្រឿងម៉ាក់ PORSCHE ពណ៌ស មានស្លាកលេខ ភ្នំពេញ 2AI-2106។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ០១ និង៤៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តោយវិថីឯករាជ្យ ត្រង់ចំណុចស្តុបសូរិយាតូច ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនជាតិចិនប្រុសស្រី ០៤នាក់ បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់បញ្ចូលក្នុងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើល។

សមត្ថកិច្ចនគរបាល បន្តថា ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាមនគរបាលចរាចរណ៍ ដែលកំពុងឈរជើងនៅតាមគោលដៅក្បែរនោះ ក៏បានសហការគ្នា ជាមួយកម្លាំងព្រហ្មទណ្ឌ ឈានទៅឃាត់ខ្លួនជនជាតិចិនទាំងនោះភ្លាមៗ និងនាំខ្លួនទៅសាកសួរ នៅស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីឈានទៅកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោស៕

អត្ថបទដែលជាប់ទាក់ទង