ចាប់សាច់និងគ្រឿងក្នុងជ្រូក លួចឆ្លងដែនជាង១តោន ចេញ​តាម​ច្រករបៀង​ ខេត្តបន្ទាយមានជ័យ..

ខេត្តបន្ទាយមានជ័យ​៖ ប្រភពបញ្ជាក់ថា បទល្មើសរត់ពន្ធសាច់​ និង​គ្រឿងក្នុង​ជ្រូក ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រករបៀងខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពជាបន្តបន្ទាប់ ជាពិសេសនៅក្នុងកាលៈទេសៈមេរោគកូវីដ-១៩ កំពុងរាតត្បាតទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសថៃ។

ជាក់ស្តែងថ្មីៗនេះ សាច់ជ្រូក និងគ្រឿងក្នុងជ្រូកចំនួន ១៥០០​គីឡូក្រាម ដែលឈ្មួញបានដឹកចេញពីចេញ​ក្នុងភូមិ​សាសាស្ត្រឈរជើង ​របស់ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​អូរ​ល្ហុង នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ត្រូវបាន​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ សហ​ការណ៍​ជាមួយ កម្លាំងយោធា​សឹក​រង​ស្រុក​ម៉ាឡៃ ចាប់បាន​នៅ​ព្រឹក​ថ្ងៃទី​១៤ សីហា ឆ្នាំ២០២១ នៅលើ​ដង​ផ្លូវលំ​ ជិត​បន្ទាត់​ពព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​។​

​មន្ត្រីជំនាញឱ្យដឹងថា​ សាច់​និង​គ្រឿងក្នុង​ជ្រូក​ចម្រុះខាងលើ​នេះ ត្រូវគេ​ដឹកតាម​រថយន្ត​ម៉ាក​កូរ៉េ ១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង ៣A.២៥៦១ ដោយ​ក្នុងនោះ មាន ៣០​កេះ​ស្នោ ហើយ​ក្នុង​១​កេះ មាន​ទម្ងន់ ៥០​គីឡូក្រាម​ សរុប ១៥០០​គីឡូក្រាម​។​

សមត្ថកិច្ចជំនាញបញ្ជាក់ថា ក្រោយ​ពេលឃាត់រថយន្តល្មើស​ គឺមិនឃើញ​មាន​អ្នកណា​ចេញ មុខ​ទទួលខុសត្រូវ​ឡើយ​។ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​ដឹក​សាច់ និង​គ្រឿងក្នុង​ខាងលើ បាន​បំភ្លឺ​ពង្វាង​ថា ខ្លួន​គ្រាន់តែ​ស៊ីឈ្នួល ប៉ុន្តែ​មិន​ស្គាល់​ម្ចាស់ ឬ​នរណា​ដែល​ទាក់​ទងទងឱ្យដឹក​នោះឡើយ​ តែ​ដឹងថា សាច់​ទាំងនេះ គ្រោង​ដឹក​ទៅកាន់​ខេត្តបាត់ដំបង​។​

​ទាក់ទិនបញ្ហានេះ លោក ហ៊ុយ ទូច ប្រធាន​កា​រិ​យា​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បានឲ្យដឹង​ថា ពេទ្យសត្វ​ និង​កម្លាំងយោធា ស្រុក​ម៉ាឡៃ​ ដែលសហការគ្នា​ចាប់​សាច់ និង​គ្រឿងក្នុង​ជ្រូកខាងលើនេះ គឺ​បានឃាត់​មនុស្ស ០២​នាក់​ ដោយម្នាក់​ជា​អ្នកបើកបរ​រថយន្ត និង​ម្នាក់​ជា​អ្នករួមដំណើរ​។ ហើយ​បាន​នាំយកទៅ​សាកសួរ​បន្ត​នៅ​ការិយាល័យ​ជំនាញ។

សមត្ថកិច្ច បញ្ជាក់​ថា សាច់​ទាំងនេះ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​ពាក់ព័ន្ធទេ ហើយ​ចំពោះការ​វេច​ខ្ចប់​វិញ ​ក៏​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ឬ​បទដ្ឋាន​បច្ចេកទេស​នោះ​ដែរ។

លោកថា បច្ចុប្បន្ន សាច់ និង​គ្រឿងក្នុង​ជ្រូក​ ដែលចាប់បាននេះ បាន​រាយការណ៍​ជូន​ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ រួចហើយដើម្បី​សុំ​គោលការណ៍​យកទៅដុត​កម្ទេច​ចោល​ ព្រមទាំងយក​សំណាក​សាច់​ទាំងនេះ យក​ទៅ​ធ្វើតេស្ត​រក​មេរោគ​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង