ពលរដ្ឋឃុំអណ្តូងទឹក ស្នើឲ្យអភិបាលខេត្តកោះកុង កោះហៅ លោក ភិន រុច ទៅសាកសួរករណីលក់​ដីព្រៃកោងកាង​ និងព្រៃស្មាច់​របស់រដ្ឋ ​រាប់សិបហិកតា

ខេត្តកោះកុង៖ ប្រជាពលរដ្ឋរស់នៅឃុំអណ្តូងទឹក ​បានចោទ លោក ភិន រុច ​មានតួនាទីជាក្រុមប្រឹក្សាស្រុកបុទុមសាគរ ខេត្តកោះកុង ថាមានជាប់ពាក់ព័ន្ធសកម្មភាពជួលមនុស្សឲ្យចូលទៅកាប់ទន្ទ្រាន​ដីព្រៃកោងកាង និងព្រៃស្មាច់ របស់រដ្ឋអស់រាប់សិបហិកតា រួចលក់ដូរបន្ត​ទៅឲ្យឈ្មួញ និងមន្ត្រីមានឋានៈខ្ពស់មួយចំនួន ដោយមិនញញើតច្បាប់នោះទេ។ ទីតាំងដីព្រៃរដ្ឋ ដែលត្រូវលោក ភិន រុច ទន្ទ្រានធ្វើកម្មសិទ្ធិ និងលក់ដូរអនាធិបតេយ្យខាងលើនេះ ​ស្ថិតក្នុងភូមិសាស្ត្រចំណុចព្រែក តាព្រហ្ម – ខោកតា​ដោក និងនៅជាប់មាត់ព្រែកតាអុក ស្ថិតនៅក្នុងភូមិតាអុក ឃុំ​អណ្ដូងទឹកស្រុកបុទុមសាគរ ខេត្តកោះកុង។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋ បានសំណូមពរដល់ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយកោះអញ្ជើញ លោក ភិន រុច ដើម្បីឲ្យឆ្លើយបំភ្លឺលើករណី ចូលទៅទន្ទ្រានកាន់កាប់ដីព្រៃស្មាច់ និងព្រៃកោងកាង របស់រដ្ឋ នៅស្រុកបុទុមសាគរ អស់រាប់សិបហិចតា នាពេលកន្លងមក ដើម្បីឈានទៅនាំខ្លួនអ្នកជាប់ពាក់ព័ន្ធ ទៅផ្តន្ទាទោសតាមច្បាប់។ ជាងនេះទៀត ក៏ស្នើឲ្យអភិបាលខេត្តកោះកុង ជួយស៊ើបអង្កេតករណីចូលទៅបំផ្លាញព្រៃឈើរបស់រដ្ឋខាងលើនេះ ថាតើមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីពីក្រសួង-មន្ទីរ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធ​ណា​ខ្លះ? ហើយថា បើរកឃើញមន្ត្ត្រីណា​មានកំហុសឆ្គងពីការឃុបឃិត ចូលទៅទន្ទ្រានដីព្រៃស្មាច់ និងព្រៃកោងកាង របស់រដ្ឋ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ដើម្បីជាការព្រមាន។

ប្រជាពលរដ្ឋចោទ លោក ភិន រុច ក្រៅពីបានប្រមូល​ទិញ​ដីពលរដ្ឋពលរដ្ឋក្នុងមូលដ្ឋាន រូបលោកក៏បានជួលមនុស្សឲ្យចូលទៅកាប់ទន្ទ្រានដីព្រៃកោងកាង និងព្រៃស្មាច់ នៅក្នុងមូលដ្ឋានជាប់តំបន់នោះជាច្រើនហិកតាទៀត។ បន្ទាប់មក ក៏បានជួលគ្រឿងចក្រឲ្យចូលទៅឈូស​ឆាយ ដើម្បី​ហ៊ុនព័ទ្ធទំហំផ្ទៃដី ដើម្បីធ្វើកម្មសិទ្ធិដោយខុសច្បាប់។ ហើយក្រោយមក ក៏បានលក់បន្តទៅឲ្យឈ្មួញ និងមន្ត្រីមានឋានៈខ្ពស់មួយចំនួន រស់នៅក្នុងរាជធានីភ្នំពេញ​យ៉ាងអនាធិបតេយ្យថែមទៀត​ផង។

និយាយដល់ចំណុចនេះ ក្រុមប្រជា​ពលរដ្ឋ ក៏បានអះអាងបន្តទៀតថា ចំពោះបទល្មើសចូលទន្ទ្រានដីព្រៃ របស់រដ្ឋនៅតំបន់ខាងលើនេះ ក៏មានជាប់ពាក់ព័ន្ធជាមួយ លោក ង៉ែត សារ៉ន ​នាយប៉ុស្តិ៍នគរបាល ឃុំ​អណ្ដូងទឹក​ដែរ។ ព្រោះ នាយប៉ុស្តិ៍រូបនេះ កន្លងមក ក៏ធ្លាប់បានលក់ដីព្រៃកោងកាង និងដីព្រៃស្មាច់ អស់ជាច្រើនហិកតា​ ទៅឲ្យ លោក ភិន រុច ផងដែរ។ ​

​ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន លោក ភិន រុច បានទទួលស្គាល់ថា កន្លងមក​ដីនៅតំបន់ខាងលើ ពិតជាដីរបស់គាត់ពិតមែន ប៉ុន្តែរូបគាត់បានលក់ក្នុងតំលៃថោកៗ ទៅឲ្យអ្នករស់នៅរាជធានី​ភ្នំពេញ​អស់ហើយ ដោយមិនដឹង​ថា លក់អស់ចំនួនប៉ុន្មានហិកតា​ទេ ព្រោះ​យូរពេកភ្លេចបាត់អស់​ហើយ។ ហើយចំពោះរឿង​​គេចូលទៅកាប់បំផ្លាញដីព្រៃកោងកាង ជាបន្តបន្ទាប់មកនេះ គឺមិន​ជាប់ពាក់ព័ន្ធ​រូបលោកទេ។ ហើយករណីនេះ បើបុគ្គលណាមួយ ចូលទៅកាប់រានព្រៃកោងកាង និងព្រៃស្មាច់ របស់រដ្ឋ គឺអាជ្ញាធរ ឬសមត្ថកិច្ច ត្រូវមានវិធានការផ្លូវច្បាប់ទៅលើបុគ្គលរូបនោះទៅជាការស្រេច ដោយរូបលោកមិនជាប់ពាក់ព័ន្ធករណីចូលទៅកាប់ព្រៃកោងកាង ឬព្រៃស្មាច់ទាំងនោះទេ។

ទោះជាបែបនេះក្តី យោងតាមការអះអាង​របស់មេការ​ លោក ភិន រុច ​ឈ្មោះ វណ្ណា បាន​ប្រាប់ក្រុមអ្នកសារព័ត៌មាន តាមទូរស័ព្ទថា បរិវេណដីព្រៃ​នៅ​ទីតាំង ដែលប្រជាពលរដ្ឋឃុំអណ្តូងទឹក បានលើកឡើងខាងលើ ពិតជាដីរបស់ លោក ភិន រុច ពិតប្រាកដមែន។  ហើយថា ចំពោះសកម្មភាពកាប់ព្រៃជាបន្តបន្ទាប់មកនេះ ក៏ស្ថិតក្នុងទំហំផ្ទៃដី របស់ លោក ភិន រុច ដែរ ប៉ុន្តែ​មេការូបនេះ បានបញ្ជាក់ថា ដីព្រៃកោងកាង និងព្រៃស្មាច់ទាំងនោះ ទើបកាប់​បានបន្តិចបន្តួចតែប៉ុណ្ណោះ​។

យ៉ាងនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាច​ទាក់ទង អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីស្នើសុំការបញ្ជាក់អំពីព័ត៌មាន ដែលប្រជាពលរដ្ឋ រស់នៅឃុំអណ្តូងទឹក បានចោទលោក ភិន រុច សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ មានជាប់ពាក់ព័ន្ធសម្មភាពចូលទៅទន្ទ្រានកាន់កាប់ និងលលក់ដូរដីព្រៃកោងកាង និងព្រៃស្មាច់ របស់រដ្ឋ អស់រាប់សិបហិចតា នៅ​​ចំណុចព្រែក​តាព្រហ្ម – ខោកតា​ដោក និងនៅជាប់មាត់ព្រែកតាអុក ស្ថិតនៅក្នុងភូមិតាអុក ឃុំ​អណ្ដូងទឹក ស្រុកបុទុមសាគរ បាននៅឡើយទេនៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ​២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង