តុលាការខេត្តតាកែវ ឃុំខ្លួនមេការក្រុមហ៊ុន Unicity ​៦នាក់ ​ដែលដឹកនាំ​មនុស្សជិត៤០០នាក់ ជួបជុំគ្នា​បំពានវិធានការសុខាភិបាល​

ខេត្តតាកែវ​៖ ចៅក្រមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០២១នេះ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន មេការក្រុមហ៊ុន Unicity ចំនួន ៦នាក់ ក្នុងចំណោម​ ៧នាក់ ​បន្ទាប់ពីពួកគេ បានដឹកនាំ​មនុស្សជិត ៤០០នាក់ ដើម្បីជួបជុំគ្នា ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងបំពានវិធានការសុខាភិបាល នៅ​ក្នុងទីតាំង​បុរីរស្មី ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២១​​។

ប្រធានសាលាដំបូងខេត្តតាកែវ លោក អ៊ាក ផល្លា បានឲ្យដឹង​​ថា​ ចៅក្រមស៊ើបសួរ​បានសម្រេចឃុំខ្លួនជនសង្ស័យមេការក្រុមហ៊ុន Unicity ចំនួន ៦នាក់ ក្នុងចំណោម ៧នាក់ ដោយម្នាក់ទៀតជាស្រ្តីមានកូនតូច មិនត្រូវបានឃុំខ្លួន​ទេ​។

ចំណែក លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បញ្ជាក់ថា តំណាងអយ្យការ បានចោទប្រកាន់ជនសង្ស័យទាំង ៧នាក់​ តាមច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមាត្រា១១​។

​យោងតាមច្បាប់ស្ដីពី​វិធានការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៃមាត្រា១១ ​ចែងថា ​អំពើរារាំងដល់ការអនុវត្តន៍វិធាន​ការ ឬបង្កឧបសគ្គ ដោយ​ចេតនាដល់ការអនុវត្តន៍វិធានការ ដែលបានដាក់ចេញស្របតាមច្បាប់ ត្រូវ​ផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ២លាន​រៀល ទៅ ១០លានរៀល។ ហើយបើក្នុងករណី​​ បណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល​។

​សមត្ថកិច្ចខេត្តតាកែវ កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បា​នឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ៣៩៥នាក់។ ក្នុងនោះមេការ​ចំនួន ៧នាក់ នៅចំណុចបុរីរស្មី ​ស្ថិត​ក្នុងសង្កាត់​រកាក្នុង ក្រុងដូនកែវ ​ដោយសារបានប្រមូលផ្តុំគ្នា​បើកវគ្គបណ្តុះបណ្តាល ផ្នែកអាហារបំប៉នសុខភាព របស់ក្រុមហ៊ុន Unicity ដោយខុសច្បាប់ និងបំពាន់វិធានការសុខាភិបាល។

ក្រោយ​ឃាត់ខ្លួនមនុស្ស​ខាងលើ មន្ត្រីសុខាភិបាល ក៏បានចុះទៅយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយជាលទ្ធផល ក្រុមគ្រូពេទ្យ បានរកឃើញមនុស្សចំនួន ២នាក់ មានផ្ទុកមេរោគ​​កូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង