ពលរដ្ឋស្នើ អភិបាលខេត្តកោះកុង កោះហៅ លោក នក រ៉ែម ​​ទៅសាកសួរករណី​កាប់រាន​ដីព្រៃលិចទឹក​រដ្ឋ ​និងលក់ទៅឲ្យឈ្មួញប្រេង​ យ៉ុង ទៀង ​នៅឃុំថ្មស​

ខេត្តកោះកុង៖ ប្រជាពលរដ្ឋរស់នៅភូមិជីត្រេះ ឃុំអណ្តូងទឹក បាន​អះអាងថា សកម្មភាពចូលទៅទន្ទ្រានកាន់កាប់ដីព្រៃកោងកាង ឬព្រៃលិចទឹក របស់រដ្ឋ ដោយខុសច្បាប់ ​នៅមូលដ្ឋានឃុំអណ្តូងទឹក និងស្រុកបុទុមសាគរ ខេត្តកោះកុង  គឺមានជាប់ពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានឃុំអណ្តូងទឹក និងមន្ត្រីខ្លះកំពុងបំរើការងារនៅក្នុងរដ្ឋបាលស្រុកបុទុមសាគរ ព្រមទាំងមន្ត្រីមួយចំនួន នៅក្រោមឱវាទ នៃរដ្ឋបាលខេត្តកោះកុង ដោយបាន​ជួលមនុស្សឲ្យចូលទៅកាប់​ទន្ទ្រាន់ដីព្រៃរបស់រដ្ឋ ដើម្បីរានដីធ្វើកម្មសិទ្ធិ​ឯកជ​ន និងលក់បន្តទៅឲ្យ​​ឈ្មួញដោយខុសច្បាប់។

​សកម្មភាព​ខាងលើនេះ ប្រជាពលរដ្ឋ ក៏បានចោទ លោក នក រ៉ែម សមាជិកក្រុមប្រឹក្សាឃុំអណ្ដូងទឹក ​និងបក្ខពួក​មួយចំនួនទៀត ថាមានជាប់ពាក់ព័ន្ធការ​ជួលមនុស្ស ឲ្យចូលទៅកាប់បំផ្លាញ់ព្រៃកោងកាង ឬព្រៃលិចទឹក រានយកដីជាង ១០ហិកតា ក្នុងតំបន់សហគមន៍ ត្រង់ចំណុចព្រែក​ទាបដី ជាប់មាត់ព្រែក​តាអុក ស្ថិតក្នុងភូមិ​ជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង​ ប៉ុន្តែមិនមានមន្ត្រីពី​ស្ថាប័នជំនាញផ្នែកណាមួយចុះទៅទប់ស្កាត់​ទេកន្លងមក។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅឃុំអណ្តូងទឹក ជាថ្មីម្តងទៀត បានសំណូមពរដល់ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយបញ្ជូនមន្ត្រីជំនាញស្អាតស្អំ ឲ្យចុះពិនិត្យទៅលើសកម្មភាព របស់លោក នក រ៉ែម សមាជិកក្រុមប្រឹក្សាឃុំអណ្តូងទឹក និងបក្ខពួក ទាក់ទិនការជួលមនុស្សឲ្យចូលទៅកាប់ព្រៃកោងកាង ឬព្រៃលិចទឹក របស់រដ្ឋ លក់ដូរបន្តទៅឲ្យឈ្មោះ យ៉ុង ទៀង ថៅកែរកស៊ីរត់ពន្ធប្រេងដ៏ល្បីប្រចាំឃុំថ្មស ឲ្យបានឆាប់ ដើម្បីឈានទៅទប់ស្កាត់បទល្មើសនេះឲ្យមានប្រសិទ្ធភាព។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន លោក នក រ៉ែម សមាជិកក្រុមប្រឹក្សាឃុំអណ្តូងទឹក ​បានទទួលស្គាល់ថា រូបគាត់ពិតជាបានជួលមនុស្សឲ្យចូលទៅកាប់​ព្រៃកោងកាង ឬព្រៃលិចទឹក នៅតំបន់ខាងលើនេះ ពិតប្រាកដមែន។ ប៉ុន្តែទីតាំងកាប់រាននោះ ​រូបលោកបានកាន់កាប់​ជាយូរឆ្នាំមកហើយៗ​ រូបគាត់ក៏បានលក់ទៅឲ្យ លោក យ៉ុង ទៀង ថៅកែរកស៊ីប្រេងនៅឃុំថ្មស ក្នុង ១ហិកតា ​៧០០ដុល្លា​អាមេរិក។ ​ហើយថា ការកាប់​ដីព្រៃលិចទឹកទាំងនោះ ដើម្បីសំអាតដី​ផ្តល់ជូន ​​លោក យ៉ុង ទៀង តាមកិច្ចសន្យាទិញលក់កន្លងមក​។  ​លោកថា បច្ចុប្បន្ន ដីព្រៃទាំងនោះ បានកាប់រានជាង ​៧ហិកតារួចហើយៗ ដីទាំងនេះ មិនមែនជាកម្មសិទ្ធិ របស់គាត់ម្នាក់ឯងទេ​​​។ ​ក្នុងនោះ ក៏មានដី​មេទា​ហាន និង​មន្ត្រីនគរបាល ​នៅ​ស្រុកបុទុមសាគរនេះតែម្តង។

​បញ្ហានេះដែរ លោក យ៉ុង ទៀង ​​ថៅកែ​រកស៊ីប្រេង​ប្រចាំឃុំថ្មស បញ្ជាក់ថា រូបលោកមិនបានដឹងរឿង លោក នក រ៉ែម ហៅតា រ៉ែម កាប់រានដីព្រៃកោងកាង ឬព្រៃលិចទឹក ដើម្បីសំអាតដីជូនគាត់ នៅមូលដ្ឋានឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខាងលើនេះទេ។

​ប្រភពពីមន្ត្រី​រដ្ឋបាលស្រុកបុទុមសាគរ ស្នើមិនបញ្ចេញឈ្មោះ បានឲ្យអ្នកសារព័ត៌មានដឹងថា​ មន្ត្រីមួយចំនួនរួមមានឈ្មោះ នក រ៉ែម, ​ យ៉ុង ទៀង, ​ ទិ សារឿន ជាមន្ត្រីនគរបាល, តុង ហាប់ ជាមន្ត្រីយោធា ព្រមទាំងមន្ត្រីបរិស្ថាន​នៅស្រុក​បូទុមសាគរជាដើម តែងមក​ប្រមូលផ្តុំគ្នាផឹកស៊ី​​ជាញឹកញាប់ នៅទីតាំង​ក្រោម​ស្ពានព្រែកតា​អុក និងទីតាំង​​ផ្ទះ​ លោក នក រ៉ែម ផ្ទាល់តែម្ដ​ង ដើម្បីជួបពិភាក្សាគ្នារឿងដីធ្លី​ផ្សេងៗ។ ហើយថា ​ការជួបជុំផឹកស៊ីនៅផ្ទះ តា រ៉ែម សមាជិកចូលរួមភាគច្រើន ជាមន្ត្រីរាជការ​​នៅស្រុកបុទុមសាគរ ព្រោះ លោក នក រ៉ែម មានកូនប្រុសម្នាក់ឈ្មោះ រ៉ែម កុក ហៅ កុក ទុន ក៏ជាមន្ត្រីបំរើការងារនៅសាលាស្រុកបូទុមសាគរផងដែរ។ ​

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋឃុំអណ្តូងទឹក បានស្នើឲ្យ លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ ជាពិសេស អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង​ ជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះពិនិត្យទៅលើសកម្មភាពកាប់រានដីព្រៃកោងកាង ឬព្រៃលិចទឹក នៅមូលដ្ឋានឃុំអណ្តូងទឹកឲ្យបានឆាប់ ដើម្បីទប់ស្កាត់សកម្មភាពចូលទៅទន្ទ្រាន់កាន់កាប់ដីរដ្ឋ ធ្វើកម្មសិទ្ធិ​ខុសច្បាប់ ឲ្យមានប្រសិទ្ធភាព។ ជាងនេះទៀត ក៏ត្រូវកោះហៅ លោក នក រ៉ែម សមាជិកក្រុមប្រឹក្សាឃុំអណ្តូងទឹក និងអ្នកជាប់ពាក់ព័ន្ធ ទៅសួរនាំលើករណីជួលមនុស្ស ឲ្យចូលទៅកាប់ទន្ទ្រានដីព្រៃកោងកាង ឬព្រៃលិចទឹក របស់រដ្ឋ ធ្វើកម្មសិទ្ធិខុសច្បាប់ ដើម្បីឈានទៅកសាង​សំណុំរឿង បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសជាការព្រមាន៕

អត្ថបទដែលជាប់ទាក់ទង