សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិថៃ៩នាក់​ និងមេខ្យល់​ខ្មែរ២នាក់ ​ករណីចូលមករកការងារធ្វើខុសច្បាប់

ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិថៃចំនួន ០៩នាក់ ដែលត្រូវមេខ្យល់ជនជាតិខ្មែរនាំចូលពីប្រទេសថៃ ​​ដើម្បីមកធ្វើការជាកម្មករជួសជុលសាឡង់ ក្នុងខេត្តព្រះសីហនុ ​កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ មេខ្យល់ម្នាក់ និងអ្នកបើកបររថយន្តជាជនជាតិខ្មែរម្នាក់ទៀត ដែលមកដឹកជនជាតិថៃ ​ដាក់តាមផែជួសជុលសាឡង់ ក៏ត្រូវ​សមត្ថកិច្ចឃាត់ខ្លួនផង​ដែរ។

សមត្ថកិច្ចបញ្ជាក់ថា ជនជាតិថៃទាំង ០៩នាក់ ដែល​​ឃាត់ខ្លួនខាងលើនេះ មានស្រី​ ០៦នាក់​។ ហើយបានចូលមកខេត្តព្រះសីហនុ តាមផ្លូវសមុទ្រ និងចូលមកដល់ក្រុងព្រះសីហនុ តាមច្រកកំពង់ផែទំនប់រលក។ សមត្ថកិច្ចបន្តថា ជនជាតិថៃទាំង ០៩នាក់នេះ ចូលមកខេត្តព្រះសីហនុ តាមរយៈមេខ្យល់ជនជាតិខ្មែរ ក្នុងបំណងរកការងារធ្វើជាកម្មករជួសជុលសាឡង់ ប៉ុន្តែ​​​កន្លែងជួសជុលសាឡង់ មិនទទួលយកឲ្យធ្វើការទេ ហើយក៏បានរាយការណ៍​ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ដើម្បីឈានទៅទប់ស្កាត់ជំងឺកូវីដ-១៩​​។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា មេខ្យល់ជនជាតិខ្មែរ ដែលនាំជនជាតិថៃ ចូលមកខេត្តព្រះសីហនុ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ណុប សំបូរ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ទាំងមេខ្យល់ជនជាតិខ្មែរ និងបុរសអ្នកបើកបររថយន្ត ព្រមទាំងជនជាតិថៃទាំង ០៩នាក់ សរុបមានគ្នា ១១នាក់ ត្រូវបានសមត្ថកិច្ច នាំមកដាក់នៅអាគារសម្រាប់ពិរុទ្ធជន ឬជនសង្ស័យ ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​តេស្តសំណាករកមេរោគកូវីដ-១៩ និងចាត់ចែងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង