ពលរដ្ឋស្រុកពារាំង សំណូមពរសម្តេច ហ៊ុន សែន ជួយការពារដី​​ប្រភពមេទឹក ដែលឈ្មួញឃុបឃិតជាមួយមេឃុំរកា ក្លែងឯកសារ​រំលោភធ្វើកម្មសិទ្ធិ

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ​រស់នៅឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានចោទអាជ្ញាធរមូលដ្ឋានឃុំរកា ថាបានឃុបឃិតជាមួយអ្នកមានទ្រព្យ លួចក្លែងឯកសារ​​​ដីសាធារណៈ របស់រដ្ឋ និងជាជម្រកត្រីពងកូន ព្រមទាំងជាប្រភពទឹក​​ដ៏សំខាន់ ដែលពលរដ្ឋរស់នៅមូលដ្ឋាននេះ ប្រើប្រាស់បង្កបង្កើនផលតាំងពីដូន​តាមក​ លក់ទៅឲ្យឈ្មួញ​ស្ងាត់ៗ ដោយប្រជាពលរដ្ឋ ពួកគាត់មិនបានដឹងខ្លួនជាមុនទេ។

វិវាទនេះ ក្រុមប្រជាពលរដ្ឋបាន​​ចោទ លោក ចេស ហៀប ជាឈ្មួញដី និងលោក នេត នឿន មេឃុំរកា ថាបានឃុបឃិតគ្នាក្លែងឯកសារ ប៉ុនប៉ងរំលោភ​យកដី​​ប្រភពទឹក និងជា​ជម្រកតី្រពងកូន នៅចំណុចត្រពាំងផ្លាច់ និងចំណុចព្រៃវាលឆេះទូក ស្ថិតនៅក្នុងសង្វាងដីមេទឹកក្រចាប់ ​ដែលអ្នកភូមិរាប់រយគ្រួសារ​​ រស់អាស្រ័យផលជារៀងរាល់ឆ្នាំ ដើម្បីធ្វើកម្មសិទ្ធិឯកជនផ្តាច់មុខ។

ផ្តើម​ពីបញ្ហានេះ ប្រជាពលរដ្ឋឃុំរកា ​បាន​សំណូមពរដល់ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួយអន្តរាគមន៍ ចាត់វិធានការផ្លូវច្បាប់ទៅលើឈ្មួញដីឈ្មោះ ចេស ហៀប និងលោក នេត នឿន មេឃុំរកា ដែលបានឃុបឃិតក្លែងឯកសារ ប៉ុនប៉ងរំលោភយកដី​ប្រភពមេទឹក ​ដែលពលរដ្ឋសហគមន៍នេះ​រស់អាស្រ័យផល ឲ្យបានគង់វង់ ដោយអនុគ្រោះផងចុះ។

​បន្ថែមលើនេះ ក្រុមប្រជាពលរដ្ឋ បានចាត់ទុក ករណីឃុបឃិតក្លែងឯកសារ លួចលក់ដីសាធារណៈរបស់រដ្ឋ របស់អាជ្ញាធរភូមិត្រកៀត- ភូមិរកា និងមេឃុំរកា ព្រមទាំងមន្ត្រីមួយចំនួន នៃរដ្ឋបាលស្រុកពារាំង ថាទំនងជាអាចមានជាប់ពាក់សំណូកពុករលួយ ទើបមិនរវល់អើពើជួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ដែលនៅសេសសល់ក្នុងមូលដ្ឋាននេះ ហើយងាកទៅគាំទ្រ​សកម្មភាពឈ្មួញដីទៅវិញ។​

​យ៉ាងនេះក្តី គេហទំព័រ “កម្ពុជាថ្ងៃនេះ” ឬហៅកាត់ ខេមដេ ញ៉ូស៍ (CamDay News) នៅមិនទាន់អាចមានប្រភពទាក់ទង លោក នេត នឿន មេឃុំរកា និងលោក ចេស ហៀប ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ របស់ប្រជាពលរដ្ឋឃុំរកា បានទេនៅល្ងាចថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១​។ ខណៈ លោក ហ៊ី ធួក អភិបាលស្រុកពារាំង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយដែរ។

​​យ៉ាងនេះក្តី ប្រជាពលរដ្ឋរស់នៅស្រុកពារាំង ខេត្តព្រៃវែងជាថ្មីម្តងទៀត នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ បានសំណូមពរដល់ សម្តេច ហ៊ុន ​សែន នាយករដ្ឋមន្ត្រី សូមជួយការពារព្រៃលិចទឹក ​និងជាប្រភពមេទឹក ​ដែលត្រូវឈ្មួញដីឈ្មោះ ចេស ហៀប ​ឃុបឃិតជាមួយ លោក កេត នឿន មេឃុំរកា ក្លែងឯកសារ​ប៉ងរំលោភយកធ្វើកម្មសិទ្ធិឯកជន​ ​ឲ្យបានគង់វង់ និងរក្សាឲ្យនៅសភាពដើមវិញ។

តំណាងប្រជាពលរដ្ឋ រាប់រយគ្រួសាររស់នៅឃុំរកា ស្រុកពារាំង បានបញ្ជាក់ថា ប្រភពមេទឹក និងដីព្រៃលិចទឹក មានទីតាំង​នៅចំណុចត្រពាំងផ្លាច់ និងចំណុចព្រៃវាលឆេះទូក ស្ថិត​ក្នុងសង្វាងដីមេទឹកក្រចាប់ ​ថាជាដង្ហើម​រស់របស់ប្រជាពលរដ្ឋរស់នៅឃុំរកា សម្រាប់​បម្រើដល់វិស័យកសិកម្ម និងការធ្វើរបរនេសាទត្រី​​ចិញ្ចឹម​គ្រួសារជារៀងរាល់ឆ្នាំ​​ផងដែរ៕ ដោយ៖ ដែន សីមា

 

អត្ថបទដែលជាប់ទាក់ទង