មេឃុំរកា លោក នេត នឿន និងលោក ចេស ហៀប បដិសេធ​ថា ​មិនបាន​​ក្លែងឯកសារ​រំលោភយក​ដីប្រភពមេទឹក ដូច​​ពលរដ្ឋចោទប្រកាន់ទេ!

ខេត្តព្រៃវែង៖ ​មេឃុំរកា គឺលោក នេត នឿន និងលោក ចេស ហៀប ដែលប្រជាពលរដ្ឋមួយចំនួន រស់នៅភូមិរកា និងភូមិត្រកៀត ស្ថិតក្នុង​ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ចោទប្រកាន់ថា បាន​ឃុប​ឃិតគ្នាក្លែងឯកសារ ប៉ុនប៉ងរំលោភ​យកដី​​ប្រភពមេទឹក និងជា​ជម្រកតី្រពងកូន នៅចំណុចត្រពាំងផ្លាច់ និងចំណុចព្រៃវាលឆេះទូក ស្ថិតនៅក្នុងសង្វាងដីមេទឹកក្រចាប់ ​បានបដិសេធន៍ថា ពួកគាត់ មិនបានឃុបឃិតគ្មាលួចក្លែងឯកសារ ប៉ុនប៉ងរំលោភយកដីប្រភពទឹក ក្នុងមូលដ្ឋាននេះ ដូចការចោទប្រកាន់​នោះទេ។

​លោក នេត នឿន មេឃុំរកា បានផ្តល់សម្ភាសឲ្យគេហទំព័រ «កម្ពុជាថ្ងៃនេះ» ឬ ខេមដេ ញូ៉ស៍ ដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ​២០២១​នេះថា រូបលោក មិនបានឃុប​ឃិត ជាមួយ លោក ចេស ហៀប ដើម្បីក្លែងឯកសាររំលោភយកដីប្រភពមេទឹក ដូចប្រជាពលរដ្ឋមួយចំនួន រស់នៅភូមិរកា និងភូមិត្រកៀត ចោទប្រកាន់នោះទេ។ ហើយថា ករណីនេះ គឺមានឯក​សារបញ្ជាក់ត្រឹមត្រូវ។

លោក​បន្តថា រាល់ឯកសារផ្សេងៗ ដែលទាក់ទង វិវាទដីធ្លីនៅមូលដ្ឋានឃុំរកានេះ ​​បានកើតឡើងជាយូរមកហើយ​ តាំងពី​​អាណត្តិមេឃុំមុនៗមក​ម៉្លេះ។ ពោល គឺមិនមែនទើបតែកើតឡើង នៅក្នុងអាណត្តិ  ដែល​រូបលោក ចូលមកធ្វើមេឃុំរកាចុងក្រោយនេះទេ។ ដូច្នេះ រូបលោក សូមធ្វើការបដិសេធ​ និងច្រានចោល ចំពោះរាល់ការចោទប្រកាន់ របស់ប្រជាពលរដ្ឋមួយចំនួន រស់នៅភូមិត្រកៀត និងភូមិ​រកា ស្ថិតក្នុងឃុំរកាគឺជាការចោទប្រកាន់ខុសការពិតទាំងស្រុង។

ចំណែក លោក ចេស ហៀប ដែល​ពលរដ្ឋមួយចំនួន ​ចោទប្រកាន់​បាន​ឃុបឃិតក្លែងឯកសារ ប៉ុនប៉ងរំលោភយក​ដីប្រភពមេទឹក​ នៅឃុំរកានេះដែរ ក៏បានច្រានចោល ចំពោះការចោទប្រកាន់ បស់​ប្រជាពលរដ្ឋឃុំរកា ដូចគ្នាលោក នេត នឿន មេឃុំរកា បានលើកឡើងដែរ។ លោក​ការចោទប្រកាន់ របស់ពលរដ្ឋមួយចំនួន ខាងលើនេះ គឺខុសការពិតទាំងស្រុង ព្រោះដីនោះ រូបលោកបានកាន់កាប់តាំងពីឆ្នាំ​២០០៨មកម៉្លេះ ហើយមានឯកសារទទួលស្គាល់ដឹងឮ ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវថែមទៀតផង។

ជាងនេះទៀត លោក ចេស ហៀប ក៏បានបញ្ជាក់ថា ការដែលរូបលោកឲ្យមនុស្សនាំយកបង្គោលថ្ម ទៅបោះ​ ឬដាំ នៅទីតាំងមានវិវាទខាងលើ​ប៉ុន្មានថ្ងៃកន្លងមកនេះ គឺដើម្បីកំណត់ព្រំដី ឬបែងចែកភូមិសាស្ត្រដី រវាងភូមិត្រកៀត និងភូមិរកា ឲ្យបានច្បាស់លាស់តែប៉ុណ្ណោះ។ 

ទោះជាបែបនេះក្តី លោក ចេស ហៀប បានទទួលស្គាល់ថា វិវាទដីធ្លី នៅតំបន់ខាងលើ គឺបានកើតឡើងជាយូរឆ្នាំកន្លងមកហើយៗ បន្តអូសបន្លាយរហូតមកដល់ពេលនេះ នៅមិនទាន់ដោះស្រាយចប់នោះទេ។

យ៉ាងនេះក្តី គេហទំព័រ “កម្ពុជាថ្ងៃនេះ” ឬហៅកាត់ ខេមដេ ញ៉ូស៍ (CamDay News) នៅមិនទាន់អាចមានប្រភពទាក់ទង ​លោក ហ៊ី ធួក អភិបាលស្រុកពារាំង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដើម្បីបំភ្លឺបន្ថែមបានទេ នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ​២០២១នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ​២០២១ តំណាងប្រជាពលរដ្ឋរាប់រយគ្រួសារ​ រស់នៅភូមិរកា និងភូមិត្រកៀត ស្ថិតក្នុងឃុំឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានចោទអាជ្ញាធរមូលដ្ឋានឃុំរកា ថាបានឃុបឃិតជាមួយអ្នកមានទ្រព្យ លួចក្លែងឯកសារ​​​ដីសាធារណៈ របស់រដ្ឋ និងជាជម្រកត្រីពងកូន ព្រមទាំងជាប្រភពទឹក​​ដ៏សំខាន់ ដែលពលរដ្ឋរស់នៅមូលដ្ឋាននេះ ប្រើប្រាស់បង្កបង្កើនផលតាំងពីដូន​តាមក​ លក់ទៅឲ្យឈ្មួញ​ស្ងាត់ៗ ដោយប្រជាពលរដ្ឋ ពួកគាត់មិនបានដឹងខ្លួនជាមុនទេ។

​វិវាទដីធ្លីនេះ ក្រុមប្រជាពលរដ្ឋ បាន​​ចោទ លោក ចេស ហៀប ​ជាឈ្មូញដី និងលោក នេត នឿន មេឃុំរកា ថាបានឃុបឃិតគ្នាក្លែងឯកសារ ប៉ុនប៉ងរំលោភ​យកដី​​ប្រភពទឹក និងជា​ជម្រកតី្រពងកូន នៅចំណុចត្រពាំងផ្លាច់ និងចំណុចព្រៃវាលឆេះទូក ស្ថិតនៅក្នុងសង្វាងដីមេទឹកក្រចាប់ ​ដែលអ្នកភូមិរាប់រយគ្រួសារ​​ រស់អាស្រ័យផលជារៀងរាល់ឆ្នាំ ដើម្បីធ្វើកម្មសិទ្ធិឯកជនផ្តាច់មុខ។ ហើយបាន​សំណូមពរដល់ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួយអន្តរាគមន៍ ចាត់វិធានការផ្លូវច្បាប់ទៅលើឈ្មួញដីឈ្មោះ ចេស ហៀប និងលោក នេត នឿន មេឃុំរកា ដែលបានឃុបឃិតក្លែងឯកសារ ប៉ុនប៉ងរំលោភយកដី​ប្រភពមេទឹក ​ដែលពលរដ្ឋសហគមន៍នេះ​រស់អាស្រ័យផល ឲ្យបានគង់វង់ ដោយអនុគ្រោះផងចុះ។

បន្ថែមលើនេះ​ប្រជាពលរដ្ឋទាំងនោះ ក៏បានសំណូមពរដល់ សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រីកម្ពុជា សូមជួយការពារព្រៃលិចទឹក ​និងជាប្រភពមេទឹកនឃុំរកា ​​ឲ្យបានគង់វង់ និងរក្សាឲ្យនៅសភាពដើមវិញ។ ព្រោះប្រភពមេទឹក និងដីព្រៃលិចទឹក ដែលមានទីតាំង​នៅចំណុចត្រពាំងផ្លាច់ និងចំណុចព្រៃវាលឆេះទូក ស្ថិត​ក្នុងសង្វាងដីមេទឹកក្រចាប់ ​គឺជាដង្ហើម​រស់របស់ប្រជាពលរដ្ឋរស់នៅឃុំរកា សម្រាប់​បម្រើដល់វិស័យកសិកម្ម និង​ធ្វើរបរនេសាទត្រី ​​ចិញ្ចឹម​គ្រួសារជារៀងរាល់ឆ្នាំថែមទៀតផង៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង