​ការដាក់លក់ឥវ៉ាន់លើផ្លូវ ​ជុំវិញផ្សារដងទង់ ខេត្តកោះកុង អាច​ឆ្លងជំងឺកូវីដ-១៩​ធ្ងន់ធ្ងរ!

ខេត្តកោះកុង៖ ​ប្រជាពលរដ្ឋរស់នៅទីប្រជុំជនក្រុងខេមរភូមិន្ទ បង្ហាញការព្រួយបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរថែមទៀតនាថ្ងៃអនាគត។ ខណៈក្រុមអាជីវករ បាននាំគ្នាទៅដាក់តាំងឥវ៉ាន់លក់ដូរយ៉ាងអនាធិបតេយ្យ នៅតាមផ្លូវសាធារណៈ​ជុំវិញផ្សារដងទង់ ដោយមិនបានរក្សាគម្លាត់សុវត្ថិភាព ឬមិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ព្រទាំងមិនអនុវត្តតាមអនុសាសន៍ណែនាំ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន​ទេ។

ប្រជាពលរដ្ឋបន្តថា បច្ចុប្បន្ននេះ ​គេឃើញក្រុមអាជីវករ​ផ្សារដងទង់ បាននាំគ្នានាំយកឥវ៉ាន់​ ឬម្ហូប អាហារ បន្លែ ត្រី សាច់ យកមកដាក់តាំងលក់ដូរ នៅលើផ្លូវសាធារណៈ នៅខាងក្រៅបរិវេណផ្សារ យ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ពីការរក្សាគម្លាតសុវត្ថិភាព និងមិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញនោះឡើយ។ ហើយករណីនេះ ក៏មិនឃើ​ញអាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ផ្នែកណាមួយ នៃរដ្ឋបាលខេត្តកោះកុង ចុះមកអន្តរាគមន៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ នៃការលក់ដូរនៅជុំវិញផ្សារដងទង់នេះ ឲ្យបានត្រឹមត្រូវនៅឡើយទេ។​

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២១ ​រដ្ឋបាលខេត្តកោះកុង បានសម្រេចឲ្យអ្នកគ្រប់គ្រងផ្សារដងទង់ បើកដំណើរការ​អាជីវកម្មលក់ដូរឡើងវិញ ​បន្ទាប់ពីផ្សារមួយនេះ បានបិទខ្ទប់​រយៈពេល ០២​ខែ​កន្លងមកនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩។

ផ្តើមពីបញ្ហានេះ មន្ត្រីរាជការ និងប្រជាពលរដ្ឋ​មួយចំនួន រស់នៅក្រុងខេមរភូមិន្ទ បានស្នើដល់ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយចាត់មន្ត្រីក្រោមឱវាទ ឲ្យចុះត្រួតពិនិត្យទៅលើសកម្មភាព របស់ក្រុមអាជីវករ ដែលបាននាំយកទំនិញមកដាក់លក់យ៉ាងអនាធិបតេយ្យ នៅតាមផ្លូវ​ជុំវិញផ្សារដងទង់​ឲ្យបានឆាប់ និងត្រូវណែនាំដល់ក្រុមអាជីវករទាំងនោះ ឲ្យអនុវត្តតាម​ការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យមានប្រសិទ្ធភាព។ ​

ទាក់ទិនបញ្ហានេះ លោក ឈិម ចិន អភិបាលរងក្រុងខេមរភូមិន្ទ ​ទទួលបន្ទុក​លើការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ​បញ្ជាក់ថា​ នឹងបញ្ជូនកម្លាំងចុះ​ចាត់វិធានការក្តៅ តាមផ្លូវច្បាប់ ទៅលើអាជីវករទាំ​ង​ឡាយណា ដែលនាំយកឥវ៉ាន់មកដាក់លក់អនាធិបតេយ្យ នៅតាមផ្លូវសាធារណៈជុំវិញផ្សារដងទង់​ ដោយមិនលើកលែង​ទេ។ ​

​ទោះជាបែបនេះក្តៅ ក្រុមអាជីវករ ដែល​មានតូបលក់ដូរនៅផ្នែកខាងក្នុងផ្សារដងទង់ បាន​រិះគន់ ថា ជាបន្តបន្ទាប់មកនេះ ចំពោះការចុះរៀបចំសណ្តាប់ធ្នាប់ ទៅលើអាជីវករលក់ដូរអនាធិបតេយ្យ នៅជុំវិញផ្សារដងទង់ ដឹកនាំដោយលោក ឈិម ចិន គឺគ្មានប្រសិទ្ធភាពយូរទេ ពោលគឺប្រៀប ដូចវែកចក ​កណ្តាលទន្លេ អញ្ចឹងដែរ។ ព្រោះក្រោយពេល អាជ្ញាធរក្រុងខេមរភូមិន្ទ បានដកកម្លាំង វិលត្រឡប់ទៅវិញ គេសង្កេតឃើញ ក្រុមអាជីវករទាំងនោះ បានវិលមកដាក់តាំង​សម្ភារៈ ម្ហូបអាហារ ឬបន្លែត្រីសាច់ជាដើម នៅលើផ្លូវជុំវិញផ្សារដងទង់នេះ មានលក្ខណៈអនាធិបតេយ្យ ដូចដើមវិញដដែល៕ 

អត្ថបទដែលជាប់ទាក់ទង