ពលរដ្ឋពីរភូមិក្នុងខណ្ឌច្បារអំពៅ ស្នើសម្តេច ហ៊ុន សែន បញ្ឈប់អាជីវកម្មក្រុមហ៊ុនខ្សាច់ របស់ឈ្មោះ គឹម អេង ជាបន្ទាន់ ព្រោះ​​រំខានដល់ការរស់នៅរបស់ពួកគាត់!

រាជធានីភ្នំពេញា៖ ប្រជាពលរដ្ឋចំនួនពីរភូមិ ​មានលំនៅឋានអមសងខាងផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិស្វាយតាអុក១ និងភូមិព្រែកជាងព្រំ នៃសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាន​បន្តប្រមូលផ្តុំគ្នាលើកបដាតវ៉ាជាថ្មីម្តងទៀត ដើម្បីស្នើសុំឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យ​ជួយអន្តរាគមន៍ទប់ស្កាត់ សកម្មភាព​ក្រុមហ៊ុន​ធ្វើអាជីវកម្មខ្សាច់មួយកន្លែង របស់ លោក គឹម អេង ដែលបានយកផ្លូវសាធារណៈ សម្រាប់បម្រើដល់សកម្មភាពរថយន្ត​ដឹកខ្សាច់ របស់ខ្លួន ធ្វើសកម្មភាពចាប់តាំងពីព្រលឹមទល់ព្រលប់ បង្កប៉ះពាល់ដល់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត របស់ពលរដ្ឋក្នុងមូលដ្ឋាននេះ​។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ បានស្នើដល់ លោក ឃួង ស្រេង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ទៅលើថៅកែក្រុមហ៊ុនបូមខ្សាច់ឈ្មោះ គឹម អេង ចំនួនពីរចំណុចរួមមាន៖ ទី១- ស្នើឲ្យផ្លាស់ប្តូរទីតាំងក្រុមហ៊ុន ឬ អ៊ូបូម ចេញពីក្បែលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ កំពុងរស់នៅក្នុងភូមិព្រែកជាងព្រំ និងទី២- ត្រូវណែនាំដល់ម្ចាស់ក្រុមហ៊ុនបើកអាជីវកម្មខ្សាច់ខាងលើនេះ ត្រូវមានផ្លូវដឹកជញ្ជូនខ្សាច់ចេះ ឬចួក ក្នុងបរវេណក្រុមហ៊ុន ឲ្យដូចគ្មានក្រុមហ៊ុនផ្សេងៗដែរ។

ក្រុមប្រជាពលរដ្ឋបន្តថា សំណើរខាងលើនេះ ពួកគាត់ ធ្លាប់បានដាក់ពាក្យបណ្តឹង ទៅកាន់អាជ្ញាធរចាប់ពីថ្នាក់ភូមិ-សង្កាត់ បន្តរហូតដល់ លោកអភិបាលខណ្ឌច្បារអំពៅ រួចហើយៗ ក៏ត្រូវថ្នាក់សង្កាត់ និងខណ្ឌ ក៏បានចុះមកណែនាំ ក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ខាងលើនេះ ម្តងជា២ដងរួចហើយដែរ ប៉ុន្តែគិតមកត្រឹមល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហានេះ ខាងភាគីក្រុមហ៊ុន មិនគោរពគោលការណែនាំ របស់អាជ្ញាធរសង្កាត់និងខណ្ឌនោះទេ។ ហើយបន្តប្រើប្រាស់រថយន្តដឹកខ្សាច់រាប់សិបគ្រឿងជារៀងរាល់ថ្ងៃ ដើម្បីដឹកខ្សាចចេញពីក្នុងបរិវេណក្រុមហ៊ុននេះ ដោយមិនញញើត ឬមិនខ្វល់ នឹងការចុះណែនាំ របស់អាជ្ញាធរសង្កាត់វាលស្បូវ និងខណ្ឌច្បារអំពៅ នោះទេ។​

ជាងនេះទៀត ក្រុមប្រជាពលរដ្ឋ ក៏បានចោទថា ចំពោះឥរិយាបទ ​របស់ក្រុមអ្នកបើកបររថយន្តដឹកខ្សាច់ក្រុមហ៊ុនខាងលើនេះថា មានចរិតពាល​ និងយបើកបរមានល្បឿនលឿន ឬបើកបរវ៉ាជែង ក្នុងស្ថានភាពផ្លូវតូចចង្អៀត ហើយមិនខ្វល់ពីអ្នកធ្វើដំណើរ និងអ្នករស់នៅអមសងខាងផ្លូវបេតុង ក្នុងមូលដ្ឋាននេះទេ។

ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋទាំងពីរភូមិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានសំណូមពរយ៉ាងទទូចដល់ ​លោកភិបាលរាជធានីភ្នំពេញ ពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ បញ្ឈប់សកម្មភាព របស់ក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ របស់ ឈ្មោះ គឹម អេង ឲ្យបានឆាប់​។ ត្បិតសកម្មភាពដឹកជញ្ជូនខ្សាច់តាមរថយន្ត របស់ក្រុមហ៊ុននេះ បានប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្វើដំណើរ- ការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះធ្ងន់ធ្ងរ។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» ឬហៅកាត់ថា ខេមដេ ញ៉ូស៍ (CamDay News) នៅមិនទាន់អាចមានប្រភពទាក់ទង លោក គឹម អេង ថៅកែក្រុមហ៊ុនបូមខ្សាច់ ដែលត្រូវប្រជាពលរដ្ឋសង្កាត់វាលស្បូវ ចោទប្រកាន់ ដើម្បីបំភ្លឺបាននៅឡើយទេ នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ​២០២១នេះ។ ខណៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺបាននៅឡើយដែរ៕

អត្ថបទដែលជាប់ទាក់ទង