កម្ពុជា ត្រៀម​ធ្វើជាម្ចាស់ផ្ទះ នៃវេទិការទេសចរណ៍អាស៊ាន លើកទី៤០ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ​​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័ន ព្រមទាំងក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិការទេសចរណ៍អាស៊ានលើកទី៤០ ដែលវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ឬហៅកាត់ថា ATF 2022) ​ដែលប្រទេស​កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

ពិធីនេះ គ្រោងប្រារព្ធឡើងនៅបរិវេណសណ្ឋាគារសុខា ក្នុងក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា២០២២ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យទេសចរណ៍ នៅក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។

លោក ថោង ខុន បញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាននេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងសិក្ខាសាលានានាជាច្រើន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX»។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ ( Buyers)៕

អត្ថបទដែលជាប់ទាក់ទង