រដ្ឋាភិបាល​អូស្ត្រាលី​ ​​ដាក់ចេញកម្មវិធីទិដ្ឋាការ​កសិកម្ម​​ ជូនដល់ពលករ​នៅតំបន់ប៉ាស៊ីហ្វិក អាចចូលទៅធ្វើការងារ​នៅអូស្ត្រាលី

រាជធានីភ្នំពេញ៖ រដ្ឋាភិបាល​អូស្ត្រាលី​ បានប្រកាសដាក់ចេញកម្មវិធីទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី (Australian Agriculture visa)​ ដល់ប្រជាពលរដ្ឋ​នៅតំបន់ប៉ាស៊ីហ្វិក។

កម្មវិធីនេះ ​គឺជាការឆ្លើយតបទៅនឹង​កង្វះកម្លាំងពលកម្ម​ក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម​ធនធានដើម (primary industry sectors) មានដូចជា​ ដំណាំស្រូវសាឡី និងការចិញ្ចឹមសត្វយកសាច់​ ស្បែកនិង​រោមជាដើម។

ទិដ្ឋាការកសិកម្មអូស្ត្រាលី​ នឹងមានជូន​ដល់ពលករ​ ដែលចង់ធ្វើការក្នុងវិស័យកសិកម្ម ដោយរួមទាំង​ការផលិតសាច់សត្វ និងការអភិវឌ្ឍជលផល​ ឬការចញ្ចឹមមច្ឆជាតិ និងព្រៃឈើ ដើម្បីផ្ដល់​មូលដ្ឋាន​ សម្រាប់ដំណុះសេដ្ឋកិច្ចជាប់លាប់ទៅអនាគតកាល ត្បិតឧស្សាហកម្មទាំងនេះ ​ស្ទុះស្ទា​សម្រេចទិសដៅឱ្យបាន១០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។ ហើយ កម្មវិធីនេះ នឹងឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម​អូស្ត្រាលី។

រដ្ឋាភិបាលអូស្ត្រាលី​ នឹងចាប់ផ្ដើម​ការងារប្រឹក្សាយោបល់ជាមួយ​ ក្រសួង​ពាក់ព័ន្ធទាំងឡាយ​មានដូចជា៖ ក្រសួង​មហាផ្ទៃ- ក្រសួងកសិកម្ម- ក្រសួងធនធានទឹក ​និងបរិស្ថាន ដោយត្រូវតាក់តែងរៀបចំទិដ្ឋាការ​​ ដែលធានាឱ្យបាន នូវសុចរិតភាព​កម្រិតខ្ពស់ និងការថែគ្រប់គ្រងដល់ពលករ ដែលមកធ្វើការនៅក្នុងវិស័យទាំងនោះ។

រដ្ឋាភិបាលអូស្ត្រាលី​ ក៏នឹងធ្វើការជាមួយបណ្ដារដ្ឋាភិបាល ដែលជាដៃគូនៅក្នុងតំបន់ផងដែរ ដោយរួមទាំងតំបន់ប៉ាស៊ីហ្វិក ដើម្បីធានាថា ពួកគេមិនបាត់បង់ផលប្រយោជន៍​ ដោយសារ​ការដាក់ចេញ នូវកម្មវិធីថ្មីនេះឡើយ។

ច្បាប់បញ្ញត្តិ នឹងចូលជាធរមាននៅដំណាច់ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីផ្ដល់លទ្ធភាព​ឱ្យមានការ​បង្កើត នូវ​ទិដ្ឋាការ​កសិកម្មអូស្ត្រាលីនេះ ហើយកិច្ចប្រតិបត្តិការទិដ្ឋាការនេះ​ គឺអាស្រ័យទៅលើ​ការចរចា​ជាមួយ​ នឹង​ប្រទេសដៃគូទាំងឡាយ។

កន្លងមករដ្ឋាភិបាលអូស្ត្រាលី​ បានផ្ដល់ទិដ្ឋាការ​ដល់ពលករមួយចំនួន មកពីតំបន់ដែនកោះប៉ាស៊ីហ្វិក និង ប្រទេសទីម័រ ក្រោមកម្មវិធី​ពលករធ្វើការតាមរដូវ និង កម្មវិធី​ពលកម្ម​ប៉ាស៊ីហ្វិក។ នៅឆ្នាំ​ ២០២២ ខាងមុខនេះ កម្មករមកពីប្រទេស​ទាំងនោះ នឹងកើនឡើងទ្វេដង ដល់ទៅ​ចំនួន ២៤,០០០​នាក់ ដែលនឹងទទួលទិដ្ឋាការ មកធ្វើការនៅប្រទេសអូស្ត្រាលី។ ឧស្សាហករអូស្ត្រាលី ឱ្យតម្លៃពលករទាំងនេះ​ណាស់ ព្រោះពួកគាត់​ផ្ដល់ នូវកម្លាំងពលកម្ម​ដ៏សំខាន់​ចាំបាច់​ សម្រាប់វិស័យកសិកម្មអូស្ត្រាលី​ រួមទាំងការចិញ្ចឹមសត្វ​និង​ការផលិតសាច់សត្វ ទោះជានៅក្នុងពេលមានការរាតត្បាតនៃCOVID-19 ក៏ដោយ។

ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ​នឹងបើកទទួលអ្នកដាក់ពាក្យសុំ​មកពីប្រទេស​មួយចំនួន ​តាមរយៈការចរចាកិច្ចព្រមព្រៀងទ្វេភាគី។ លក្ខខណ្ឌ​ទិដ្ឋាការ ​នឹងរៀបចំអនុវត្ត​​សម្រាប់រយៈពេល ០៣​ឆ្នាំ ដែលនៅក្នុងរយៈពេល​នេះ រដ្ឋាភិបាល ​នឹងព្យាយាម​បំពេញតម្រូវការ នៃទីផ្សារការងារ ហើយអាចនឹង​ពិចារណា​អំពីច្រកផ្លូវ​រស់នៅជាអចិន្ត្រៃយ៍ និងការតាំងទីលំនៅ​ដ្ឋាននៅទីជនបទ នៃប្រទេស​អូស្ត្រាលី​។

ទោះជា​រដ្ឋាភិបាល​ ជួបនឹងការលំបាក​ដ៏ធំ នៃការធ្វើចត្តាឡីស័ក នៃពលករមកពីបរទេសក្ដី ក៏រដ្ឋាភិបាល​ នឹងធ្វើការយ៉ាងកៀកកិតជាមួយរដ្ឋអំណាច​តាមរដ្ឋ ​និងដែនដី​​​អូស្រ្តាលី ដើម្បីធានាឱ្យបាននូវការ​បំពេញកង្វះខាត នៃ​កម្លាំងពលកម្ម​​​នៅក្នុងវិស័យនានា​នៅពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង