មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ ឬផ្សារចិន បើកដំណើរការលក់ដូរឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែសីហាតទៅ..

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការបើកឲ្យដំណើរការអាជីវកម្មលក់ដូរ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ឬផ្សារចិន ឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះតទៅ។

នេះបើយោងតាម សេចក្តីសម្រេច ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

នៅក្នុងខ្លឹមសារ នៃសេចក្តីសម្រេចនេះ បានតម្រូវឱ្យប្រធានគ្រប់គ្រងផ្សារ និងអាជីវករលក់ដូរទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការដូចខាងក្រោម៖

– រៀបចំច្រកចេញ-ចូលឱ្យបានធំទូលាយ ដោយមានរៀបចំដាក់ខ្សែសុវត្ថិភាព និងរៀបចំម៉ាស៊ីនវាស់កម្តៅ និងម៉ាស៊ីនបាញ់អាល់កុល នៅច្រកចេញ-ចូលផ្សារ ឱ្យបានត្រឹមត្រូវ និងល្អប្រសើរ

– រៀបចំតូបលក់ដូរនីមួយៗ ដោយរក្សាឱ្យបាន នូវគម្លាត រវាងអាជីវករ និងអតិថិជន (យ៉ាងតិច ១,៥០ម៉ែត្រពីគ្នា)

– រៀបចំចងបដា ស្តីពីវិធានសុខាភិបាល ដើម្បីអប់រំណែនាំដល់អាជីវករ និងអតិថិជន នៅក្នុងបរិវេណមជ្ឈមណ្ឌល

– រៀបចំការផ្សព្វផ្សាយ ជូនបងប្អូនអាជីវករ និងអតិថិជន ឱ្យបានយល់ដឹងជ្រួតជ្រាបបន្ថែបអំពីវិធីបង្ការជំងឺឆ្លងកូវី៥-១៩ តាមរយៈសារសំឡេង និងរូបភាព

– អាជីវករលក់ដូរ និងអតិថិជន ដែលចូលទិញទំនិញក្នុងផ្សារត្រូវពាក់ម៉ាសជាដាច់ខាត
– អនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការ « ៣ការពារ និង៣កុំ » របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្លួន

– អនុវត្តឱ្យបានត្រឹមត្រូវ តាមខ្លឹមសារ នៃសេចក្តីណែនាំលេខ ០១៥/២១សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្ដុំ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង