ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធ​ករណីគប់កញ្ចក់រថយន្ត របស់អ្នកដំណើរ​តាមផ្លូវជាតិលេខ៤ ​នៅពេលយប់​

ខេត្តព្រះសីហនុ៖ អភិបាលស្រុកព្រៃនប់ គឺលោក សរ កក្កដា បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃរួចមក កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​បទល្មើសគប់កញ្ចក់រថយន្ត របស់អ្នកដំណើរ​ពេលយប់ នៅតាមកំណាត់ផ្លូវជាតិលេខ៤ ជាបន្តបន្ទាប់​នាពេលកន្លងមកនេះ។

​តាមរបាយការណ៍ របស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្ត) កាលពីវេលាម៉ោង ០៩យប់​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៤។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងឡាន ទីលំនៅបច្ចុប្បន្នភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ មួង ទូច ភេទប្រុស អាយុ ៤៤ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។

ផ្តើមពីបញ្ហានេះ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវជាតិលេខ៤ ហើយបានជួប ឬឃើញហេតុការជនល្មើសគប់កញ្ចក់រថយន្ត ទៅតាមទីតាំងណាមួយ សូមជួយសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅចាប់ខ្លួនជនល្មើសទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់៕​ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង