សមាគមអ្នកគាំទ្រសន្តិភាព(២១៩) ​ខេត្តព្រះសីហនុ ​ចុះសួរសុខទុក្ខបុរស​ជួបទុក្ខលំបាកម្នាក់ រស់នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ សមាគមអ្នកគាំទ្រសន្តិភាព (២១៩) សាខាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ របស់សមាគមជូនដល់បុរសម្នាក់ អាយុ ៥១ឆ្នាំ រស់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងជួបទុក្ខលំបាកខ្លាំង នូវជីវភាពខ្វះខាតស្បៀងអាហារ ព្រមទាំងមានជំងឺប្រចាំកាយទៀតផង។

ការផ្តល់ជំនួយនេះ បានធ្វើឡើងកាលពីរសៀល​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពី ប្រធានសមាគមសាខាក្រុង លោក លឹង សំបូរ សមាជិកគណៈកម្មាធិការកណ្ដាលសមាគម លោក ឡាយ ចាន់ណារ៉េត និងប្រធានសមាគមអ្នកគាំទ្រសន្តិភាព(២១៩) សាខាខេត្តព្រះសីហនុ លោក ម៉ាក់ ស៊ីថាត ព្រមទាំងសមាជិក សមាជិកការផងដែរ។

នាឱកាសនោះ លោក ម៉ាក់ ស៊ីថាត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ពីសំណាក់ លោក វ៉ាន់ កាម៉ុល និងលោក មឿន ប៊ុនហេង ដែលតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនងាយរងគ្រោះ ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ។

ជាមួយគ្នានោះ លោក ម៉ាក់ ស៊ីថាត បានអំពាវនាវដល់បុរសខាងលើ សូមចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីអនាម័យជាប្រចាំ និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ជំនួយទាំងនោះរួមមាន៖ អង្ករ ៥០គីឡូក្រាម, មីម៉ាម៉ា ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ប្រេងឆា ១ដប, ស្ករស ១គីឡូ, ប៉ីចេង ១គីឡូ, កាហ្វេ ១កញ្ចប់ធំ, ទឹកដោះគោឆៅ ១យួរ, ទឹកសុទ្ធ ១កេស, ម៉ាស់ ១ប្រអប់ និងថវិកាចំនួន ៦០ម៉ឺនរៀល៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង