ភ្ញៀវទេសចរ ដែលចាក់វ៉ាក់សាំងកូវីដ-១៩រួច អាច​ទៅកម្សាន្តតាមកោះនានា តាមរយៈក្រុមហ៊ុន ជី.ធី.វី.ស៊ី..

ខេត្តព្រះសីហនុ៖ ជាថ្មីម្តងទៀត លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, Speedboat Cambodia)​ មានទីតាំងនៅក្រុងព្រះសីហនុ បានផ្តល់សម្ភាសដល់បណ្តាញសារព័ត៌មាន នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ​២០២១នេះថា ក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់លោក បន្តទទួលកក់សំបុត្រជូនភ្ញៀវកិត្តិយស ឬភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងឡាយណា ដែលមានបំណងធ្វើដំណើរ​កម្សាន្តតាមបណ្តាកោះនានា នៅក្នុងខេត្តទេសចរណ៍មួយនេះ ​សម្រាប់តែអ្នកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ និងតម្រូវឲ្យភ្ញៀវ​គ្រប់ៗរូប ត្រូវដើរឆ្លងកាត់ទូរបាញ់សម្លាប់មេរោគ​ជាមុនសិន ​ទើបអនុញ្ញាត ​ឲ្យធ្វើដំណើរឡើងអូប័រ ចាកចេញពីកំពង់ផែលើដីគោក ឆ្ពោះទៅកាន់គោលដៅតាមបណ្តាកោះ ឬឆ្នេរនានា សម្រាប់ដំណើរកម្សាន្ត របស់ភ្ញៀវកិត្តិយសរៀងៗខ្លួន។

លោកឧកញ៉ាបន្តថា ការកំណត់បែបនេះ ប្រយោជន៍ ដើម្បីធានា​សុវត្ថិភាព​ជូនភ្ញៀវទេសចរ និងបុគ្គលិក របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា។

ទន្ទឹមគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រ ប្រចាំខេត្តព្រះសីហនុ ផងនោះ ក៏បានថ្លែងអំណរ​គុណដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែល​បានចូលរួមគាំទ្រ និង​សហការ​ការពារ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាមួយក្រុមក្រុមហ៊ុន G.T.V.C ​ទាំង​ពេលកន្លងមក និងបន្តទៅថ្ងៃអនាគត់ទៀត។

បន្ថែមលើនេះ លោកឧកញ៉ា ក៏សំណូមពរដល់ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ឬប្រជាពលរដ្ឋគ្រប់ៗរូប ដែលមករកសេវាដឹកជញ្ជូនតាមសមុទ្រ នៅក្រុមហ៊ុន ជី.ធី.វី.ស៊ី ទាំងអស់ សូមបន្តចូលរួម អនុវត្តន៍​​តាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារ របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ឲ្យមានប្រសិទ្ធភាព​៕

អត្ថបទដែលជាប់ទាក់ទង