លោក ស សុខា៖ វត្តមានសម្តេច​ ស ខេង ​​ទៅ​ប្រទេសបារាំង ដើម្បីពិនិត្យសុខភាព​ មិនមែនទៅជួបអ្នកនយោបាយណាម្នាក់ឡើយ..!

រាជធានីភ្នំពេញ៖ អតីតអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង លោក ស សុខា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២១ ដោយមានខ្លឹមសារជម្រាប​ជូន​សាធារណជន ឲ្យបានជ្រាប​ថា​ វត្តមានសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើដំណើរចេញទៅប្រទេសបារាំង រយៈពេល ០២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី០៥ កញ្ញា ខាងមុខនេះ គឺដើម្បីពិនិត្យសុខភាពសុទ្ធសាធ ដោយមិនមានការជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើង របស់អ្នកវិភាគ ក៏ដូចជា អ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ នោះឡើយ​។

លោក ស សុខា ដែលត្រូវជាកូនប្រុសបង្កើត​ សម្តេចក្រឡាហោម ស ខេង ហើយបច្ចុប្បន្ន ជា​រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុក មតិ ឬការវិភាគ របស់​បុគ្គល និងអតីតអ្នកនយោបាយមួយចំនួន នៃគណបក្សសង្គ្រោះជាតិ ថា​បានប្រឌិតរឿងមិនពិតឡើង ដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេងចំណេញផលប្រយោជន៍នយោបាយ របស់ខ្លួន និងបក្ខពួកខ្លួន​តែប៉ុណ្ណោះ។ ជាពិសេស អាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វី ដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជន បានធ្វើ និងមើលឃើញជាក់ស្តែង។

លោក ស សុខា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះ​ការលើកឡើង របស់អ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ សំដៅមុតស្រួចក្នុងន័យបំបែកបំបាក់ផ្ទៃក្នុង គណបក្សប្រជាជន​កម្ពុជា ដែលជាគណបក្សតែមួយគត់ ​កំពុងប្រកាន់ខ្ជាប់ខ្ជួននូវសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំ ពោលគឺមិនមែនអ្នកណាម្នាក់ ឬក្រុមណាមួយ អាចបំបែកបំបាក់ផ្ទៃក្នុងបានឡើយ​។ លោកបន្តថា ទង្វើ របស់អ្នកនយោបាយទាំងនោះ បានធ្វើឡើង ដេីម្បីបំរើមហិច្ឆតាផ្ទាល់ខ្លួន​​ ទោះអ្នកដទៃស្លាប់ក៏ដោយចុះ។ លោក​ថា សកម្មភាព របស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ថាបានឆ្លុះបញ្ចាំងយ៉ាង​ច្បាស់ ពីចរិកអ្នកនយោបាយគ្មានក្រមសីលធម៌វិជ្ជាជីវៈ​ ក្នុងចេតនាទុច្ចរិតដដែលៗ បំភ្លៃរឿងមិនពិត ប្រឌិតបំពុលសង្គម និងបរិយាកាសនយោបាយនៅកម្ពុជា ជាពិសេស កំពុងតែមួលបង្កាច់​ ទម្លាក់កំហុសយ៉ាងពិសពុលលើ សម្តេចក្រឡាហោម ស ខេង ផងដែរ។

ត្រង់ចំណុចនេះ លោក ស សុខា បានបញ្ជាក់ជូនសាធារណជនថា សូមកុំជឿលើការលើកឡើង របស់ក្រុមអ្នកនយោបាយអាត្មានិយម ដែលក្នុងចិត្តគំនិតគិតតែពីចង់បានអំណាច​ ផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ដោយមិនគិតពីផលប្រយោជន៍ជាតិរួម មិនយកការពិតជាមូលដ្ឋាន នោះឲ្យសោះ។

លោកសង្កត់ធ្ងន់ថា ក្នុងនាមអ្នកនយោបាយជំនាន់មុន​ គួរគប្បីធ្វេីជាគំរូវិជ្ជមាន​ សម្រាប់អ្នកនយោបាយជំនាន់ក្រោយរៀនសូត្រតាម​ ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ​ ជ្រោមជ្រែងជាតិពិតប្រាកដ​ ចៀសវាងការធ្វេីប្រជាភិថុតិយុវជន​ និងប្រជាជន៕ ប្រភពfb៖ Sar Sokha

អត្ថបទដែលជាប់ទាក់ទង