តុលាការគ្រប់ជាន់ថ្នាក់កាត់ក្តីឲ្យ លោកស្រី ខូវ ប៉ោស៊ាង ឈ្នះក្តីលោក លឹម ហ៊ុយឡេង លើវិវាទដីធ្លីនៅខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សាលដីកាតុលាការកំពូលលេខ១៦៥ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានសម្រេច និងបង្គាប់ឲ្យ លោក លឹម ហ៊ុយ ឡេង និងប្រពន្ធឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧​​ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ទៅឲ្យលោកស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ប៉ុន្តែ សាលដីកាតុលាការកំពូលនោះ មិនត្រូវបាន លោក លឹម ហ៊ុយឡេង និងប្រពន្ធអនុវត្តតាម​ឡើយ។

លោកស្រី ខូវ ប៉ោស៊ាង បានធ្វើការបញ្ជាក់ថា រូបគាត់មានដី មួយកន្លែងទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ត្រូវបានលោក លឹម ហ៊ុយឡេង និងប្រពន្ធ ធ្វើប្លង់កម្មសិទ្ធិរំលោភយក​ទាំងបំពាន។

ពាក់ព័ន្ធករណីនេះ លោកស្រី បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីទាមទារដីនោះយកមកវិញ ហើយសាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្រេច និងតម្រូវឲ្យ លោក លឹម ហ៊ុយឡេង និងប្រពន្ធ ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ដែលមាននៅក្នុងវិញ្ញាបនបត្រសម្គាល់អចលនវត្តុលេខ ១៨០១០ ២០២.០៣៨៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ (បណ្ណ័កម្ម​សិទ្ធិ លោក លឹម ហ៊ុយឡេង) ទៅឲ្យ លោកស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងធ្វើជាម្ចាស់កម្មសិទ្ធិវិញ។ ប៉ុន្តែការសម្រេច របស់សាលាដំបូងខេត្តព្រះសីហនុ ត្រូវបាន លោក លឹម ហ៊ុយឡេង និងប្រពន្ធ ដាក់ពាក្យប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូល ប៉ុន្តែជាលទ្ធផលសាលាឧទ្ធរណ៍ និង​តុលាការកំពូល នៅតែ​សម្រេចឲ្យ លោក លឹម ហ៊ុយឡេង និងប្រពន្ធ ឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រ ការ៉េ ទៅលោកស្រី ខូវ ប៉ោស៊ាង ដ៏ដែល ព្រមទាំងចេញដីកាបង្គាប់ឲ្យអាជ្ញាធរសុរិយោដីដែលមានសមត្ថកិច្ចធ្វើវិធីផ្ទេរចុះបញ្ជី ឬសិទ្ធិ(កាត់ឈ្មោះ)ដីទំហំ ៥៣៧៧ម៉ែត្រការ៉េប្រគល់ឲ្យ លោកស្រី ខូវ ប៉ោស៊ាង ផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក លឹម ហ៊ុយឡេង និងប្រពន្ធ ហាក់មានចេតនាមិនព្រមអនុវត្តតាមសាលដីកាតុលាការកំពូលនោះឡើយ បើទោះជា លោក ឡា ប៊ុនហួន អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុបានចុះទៅអនុវត្តសាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២០ ដល់ទីតាំងដីដែលត្រូវប្រគល់ឲ្យលោក ស្រី ខូវ ប៉ោស៊ាង រួចហើយក៏ដោយ។

លោក ជា តារា តំណាងលោក លឹម ហ៊ុយ ឡេង បានឱ្យដឹងថា ដីរបស់ភាគីខាងលោក គឺជាដីដែលមានបណ្ណ័កម្មសិទ្ធិស្របច្បាប់ ដែលកសាងឡើងដោយមន្រ្តីជំនាញត្រឹមត្រូវ ហើយបច្ចុប្បន្នប័ណ្ណកម្មសិទ្ធិទីតាំងដីនោះ នៅតែជាកម្មសិទ្ធិដដែល។

លោកបន្តថា លោកទទួលស្គាល់ថាលោកពិតជាចាញ់ក្តី លោកស្រី ខូវ ប៉ោស៊ាង ប្រាកដ មែន ហើយលោក ក៏មិនជំទាស់នូវការអនុវត្ត អំណាចសាលដីការបស់តុលាការកំពូលនោះដែរ ប៉ុន្តែលោក​សំណូមពរ ទៅភាគី លោកស្រី ខូវប៉ោស៊ាង ផ្អាកការសាងសង់របងសិន ដើម្បីរង់ចាំឱ្យជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ​​ចូលរួមវាស់វែងចុចនិយាមការឲ្យបានច្បាស់លាស់ជាមុនសិន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង