ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចទូរដែកយកលុយ១១ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖  សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី​២៩ ខែសីហា កម្លាំងជំនាញបានចុះស្រាវជ្រាវឈានដល់​ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន ០៣នាក់ ពាក់ព័ន្ធបទល្មើសចោរកម្ម លួចទូរដែកមួយករណី ដោយធ្វើសកម្មភាព កាលពីថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការឈានទៅឃាត់ខ្លួនជនសង្ស័យករណីចោរកម្មខាងលើនេះ បានកើតឡើងបន្ទាប់ពី កាលពីម៉ោង ១២ និង៣០នាទី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ​មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចថា កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៣ និង ០០នាទី ទៀបភ្លឺ មានចោរមួយក្រុម បានចូលទៅ​ក្នុងបន្ទប់លេខ ៨៧២០ នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូរដែក ចំនួន០១​ រួចគេចខ្លួនបាត់ ដោយនៅក្នុងទូរដែកនោះមានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិការដៃ ០១គ្រឿង​។

លោក ជួន ណារិន្ទ បន្តថា ក្រោយទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ក៏បានចុះ​ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ២០ និង ០០នាទី ទើបធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់​។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមនិតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង