ជំនន់ទឹកភ្លៀងជន់លិច ផលដំណាំ និងផ្ទះពលរដ្ឋមួយចំនួន នៅស្រុកភ្នំព្រឹក..

ខេត្តបាត់ដំបង៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅស្រុកភ្នំព្រឹក បានឲ្យដឹងដា ទឹកភ្លៀងបានធ្លាក់ខ្លាំងតាំងពីយប់ថ្ងៃទី៣១ ខែសីហា ឆ្លងចូលមកដល់ថ្ងៃទី០១ ខែកញ្ញា បណ្តាលឲ្យលិចលង់ផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែមិនទាន់ប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ នៅឡើយទេ។

លោក នូវ រិទ្ធី អភិបាលរងស្រុកភ្នំព្រឹក បានឲ្យដឹងថា ទឹកភ្លៀងធ្លាក់គំហុកនេះ បណ្តាលឲ្យធ្វើឲ្យប៉ះពាល់ដំណាំ- ផ្ទះសំបែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងឃុំចំនួន០៣ គឺ ឃុំភ្នំព្រឹក- ឃុំបារាំងធ្លាក់ និងឃុំបួរ នៃស្រុកភ្នំព្រឹក។

ទោះជាយ៉ាងនេះក្តី នៅមិនទាន់ដឹងពីទំហ៊ំ នៃផលប៉ះពាល់ នៅឡើយ ទេ ព្រោះអាជ្ញាធរ កំពុងតែប្រមូលព័ត៌មាន បូកសរុបនៅឡើយ។

ចំពោះកេណីនេះ អភិបាលស្រុកភ្នំព្រឹក បានដឹកនាំមន្ត្រីពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីកន្លែងដែលជន់លិច និង ត្រៀមរៀបចំជម្លៀសពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ខណ:គិតត្រឹមម៉ោងជាងបីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ទឹកភ្លៀងកំពុងបន្តធ្លាក់ជាប់មិនដាច់។

ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូនដំណឹង ថាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកញ្ញា ព្រះរាជាណាចក្រកម្ពុជា ទទួលរង នូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ជាមួយប្រព័ន្ធសម្ពាធទាប នឹងថ្ងៃទី០២-ទី០៤ និងថ្ងៃទី០៧ ខែកញ្ញា មានឥទ្ធិពលបន្ថែមមួយទៀត គឺខ្សល់សមុទ្រ Breeze។

ស្ថានភាពបែបនេះ បណ្តាលឲ្យខេត្តតំបន់ទំនាបកណ្តាល , ជាប់ជួរភ្នំដងរ៉ែក និង ខ្ពង់រាបឥសាន និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំទៅដោយ ផ្គររន្ទះ និងខ្សល់កន្រ្តាក់។

ក្រសួងបញ្ជាក់បន្តថា ក្នុងអំឡុងពេលនេះ ក៏មានជំនន់ទឹកភ្លៀង នៅតំបន់ទំនាបកណ្តាល និង ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្តាកោះ រលកសមុទ្រអាចកើតឡើង ក្នុងកម្រិតមធ្យមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង