​សមត្ថកិច្ចនគរបាល​ ឃាត់ខ្លួនជនជាតិម្នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធ​​ផ្អើលក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាមច្បាប់ ពាក់ព័ន្ធប្រើប្រាស់ និងផ្ទុះអាវុធ ដោយខុសច្បាប់ ក្រុងព្រះសីហនុ កាលលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២១។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជនជាតិចិន រូបនេះមាន​ឈ្មោះ GU SAN QIANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ និងកាន់លិខិតឆ្លងដែនលេខៈ​E46927678 ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យរូបននេះ កាលពី​ម៉ោង ២២:០០នាទីយប់​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន ០២គ្រាប់ បណ្តាលឱ្យបែកកញ្ចក់​សណ្ឋាគារ ស៊ីងហាវអ៉ីងហួយ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

​មន្ត្រីនគរបាល បញ្ជាក់ថា ពេលឃាត់ខ្លួននោះ បានដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងខ្លី ០១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់ៈ 66B087323 បង់កាំភ្លើង០១ មានគ្រាប់ចំនួន ០៨គ្រាប់ (ប្រភេទ ៩mm)​។

សមត្ថកិច្ច​ បញ្ជាក់ថា កាលពីវេលាម៉ោង ០៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធចំនួន ០២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី ០១ដើម ចេញពីចង្កេះរួចបាញ់ចំនួន ០២គ្រាប់ ទៅលើទ្វារកញ្ចក់ របស់សណ្ឋាគារ ស៊ីងហាវអ៉ីងហួយ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់រួចហើយ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង