មន្រ្តីបរិស្ថាន និងសមត្ថកិច្ច​ចម្រុះ ចុះរុះរើ​ខ្ទម ដែលជនអនាធិបតេយ្យ​សង់លើដី​ព្រៃ ឧទ្យានជាតិបូទុមសាគរ

ខេត្តកោះកុង៖ ​មន្រ្តីបរិស្ថាន សហការជាមួយកម្លាំងចម្រុះនៃរដ្ឋបាលខេត្តកោះកុង បានចុះរុះរើ​​បង្គោលរបង និងសំណង់ខ្ទមតូចៗ ដែល​​ប្រជាពលរដ្ឋ មកសង់រស់នៅអនាធិបតេយ្យ នាបរិវេណដីព្រៃឈើឧទ្យានជាតិ បូទុមសាគរ ក្នុងបំណងរានដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់។

សកម្មភាពចុះ អនុវត្តច្បាប់ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ​២០២១ ដឹកនាំដោយ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន​ខេត្តកោះកុង ​សហការជាមួយកងកម្លាំងអាវុធហត្ថ នៃគណៈបញ្ជា​ការ​ឯកភាពស្រុកបូទុមសាគរ ដឹកនាំដោយ លោក ក្រូច បុរីសីហា អភិបាលរងស្រុកបូទុមសាគរ ​និងមានការចូលរួមសម្របសម្រួលផ្នែកច្បាប់ ដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យាកាអម​សាលា​ដំបូងខេត្តកោះកុង​។

​លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា សំណង់ខ្ទមចំនួន ២៧- ដំណាំចម្ការ និងបង្គោលរបងឈើជាង ២ពាន់ដើម ស្ថិតនៅចំណុចអូរយ៉ូយ៉ា ភូមិថ្មស ឃុំថ្មស ដែលត្រូវជនខិលខូចមួយចំនួនតូច ​​បានមកលួចសាងសង់គ្មានច្បាប់ និងគ្មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន លើលិខិតស្នាមទិញ-លក់​ជាផ្លូវការនោះដែរ។

លោកបន្តថា មុននឹងឈានដល់មានចំណាត់ការផ្លូវច្បាប់ខាងលើនេះ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ បានចុះអប់រំណែនាំដល់ពលរដ្ឋខាងលើ ជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែ​ពលរដ្ឋទាំងនោះ ​មិនចូលរួមអនុវត្តតាមការណែនាំ របស់អាជ្ញាធរទេ និងបន្តចូលទៅទន្ទ្រាន់កាប់ព្រៃនៅតំបន់នោះជាបន្តបន្ទាប់ទៀត។

លោក វ៉េត សុនីម​ បន្តទៀតថា ក្រុមប្រជាពលរដ្ឋ ដែលចូលមកទន្ទ្រានកាន់កាប់ដីព្រៃឈើ នៅក្នុងតំបន់ឧទ្យានជាតិបូទុមសាគរទាំងនេះ គឺពួកគាត់ សុទ្ធតែមានផ្ទះសម្បែង- ដីស្រែចម្ការត្រឹមត្រូវ។ ហើយភាគច្រើនជាអ្នកទៅស៊ីឈ្នួលចាំដីចំការឲ្យគេ ជាថ្នូរទទួលបានប្រាក់ពឧបត្ថមប្រចាំខែ។​

លោក​បញ្ជាក់ថា រូបលោកនឹងសុំគោលការណ៍ពីក្រសួងបរិស្ថាន- អយ្យការសាលាដំបូងខេត្តកោះកុង- អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងអាជ្ញាធរស្រុកបូទុមសាគរ ដើម្បីកសាង​ទីស្នាក់ការចំនួន ០២ នៅមាត់ច្រកចេញ-ចូល នៃតំបន់រងផលប៉ះពាល់ ដើម្បី​ទប់ស្កាត់បទល្មើស​ទន្ទ្រានកាន់កាប់ដីព្រៃ នៅក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ ឲ្យមានប្រសិទ្ធភាព និង ​ការពារព្រៃឈើទាំងនេះ ឱ្យបានគង់វង្ស។ ត្បិតដីធ្លី ដែលពលរដ្ឋទន្ទ្រាននេះ គឺតុលាការ បានចេញលិខិតដកហូតមកជាដាក់សម្បត្តរដ្ឋគ្រប់គ្រងរួច​ហើយដែរ។

លោក លោក វ៉េត សុនីម ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា សកម្មភាពចូលមកទន្ទ្រានដីព្រៃឈើ នៅចំណុចអូរយ៉ូយ៉ា ឬដីគ្រួសក្រហម បានកើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយមន្ត្រីជំនាញចុះបង្ក្រាបចំនួន ០២លើករួច​មកហើយ ប៉ុន្តែ​ពលរដ្ឋទាំងនោះ នៅតែបន្តធ្វើសកម្មភាពល្មើសជាបន្តទៀត ស្របពេល អាជ្ញាធរ​ជាប់មមាញឹក ក្នុងសកម្មភាពចុះទប់ស្កាត់ការរាលដាល នៃកូវីដ-១៩ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

​បច្ចុប្បន្ន អយ្យការអមសាលាដំបូងខេត្តកោះកុង និងមន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង កំពុងពិនិត្យស្រាវជ្រាវទីតាំងផ្សេងៗទៀត ដែល​បទល្មើសចូលទៅកាប់រានព្រៃឈើ របស់រដ្ឋដូចគ្នានេះ​ ដើម្បីឈានទៅបញ្ជូនកម្លាំងសមត្ថកិច្ច ចុះបង្ក្រាប ឲ្យមានប្រសិទ្ធភាព។

​សូមបញ្ជាក់ថា ​ក្រុមប្រជាពលរដ្ឋ​ដែលឈ្មួញដី បានជួលមកសង់ខ្ទមចាំដី នៅក្នុងតំបន់ហាមឃាត់​ នៃឧទ្យានជាតិបូទុមសាគរ ខាងលើនេះ គឺពួកគាត់ បានទទួលស្គាល់ពីកំហុស និងយល់ព្រមចូលរួមសហការណ៍ជាមួយ មន្ត្រីបរិស្ថាន និងកម្លាំង​សមត្ថកិច្ចចម្រុះ ដើម្បីរុះរើចេញតាម​សាលដីកា​ របស់​សាលាដំបូងខេត្តកោះកុង ដោយគ្មានការតវ៉ាអ្វីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង