នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពី​វេលាម៉ោង ១៩ និង២០នាទីយប់ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ២នាក់រួមមាន៖ ឈ្មោះ គុម ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ និងឈ្មោះ មេង ផានី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងលើកទី០២ ចំនួន ០១ សន្លឹក, និងស្លាកលេខម៉ូតូ ចំនួន០១ សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង