​រាជធានី-ខេត្តចំនួន៧ អាចប្រឈមជំនន់ទឹកភ្លៀង បណ្តាលមកពីឥទ្ធិពលចំនួន៤ បានកើតឡើងព្រមគ្នា

រាជធានីភ្នំពេញ​៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា រាជធានី-ខេត្ត ចំនួន ០៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារមានឥទ្ធិពល​ចំនួន ០៤ បានកើតឡើងព្រមគ្នា ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យប្រជាពលរដ្ឋ រស់នៅមូលដ្ឋានទាំងនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានជាប្រចាំ។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹ កបានឲ្យដឹងថា បន្ទាប់ពីបាន​ពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈប្រែប្រួលគួរឲ្យកត់សម្គាល់ បណ្តាលមកពីមានឥទ្ធិពលចំនួន ០៤ បានកើតឡើងព្រមគ្នា​រួមមាន៖

  • ជ្រលងសម្ពាធទាបឥណ្ឌា
  • ប្រព័ន្ធសម្ពាធទាប (ITCZ) អូសកាត់លើកម្ពុជា
  •  សម្ពាធទាប១០០៦ហិតូប៉ាស្កាល់នៅចំពីលើ
  • ​ខ្យល់សមុទ្រ Breeze នឹងបក់ចូលមកលើផ្ទៃដី បង្កើតជាពពកក្រាស់ៗ លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញានឹងមានស្ថានភាពដូចខាងក្រោម៖

១- តំបន់វាលទំនាប៖ ផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបបង្គួរទៅខ្លាំង និងអាចប្រឈម​ជំនន់ទឹកភ្លៀង (Flash Floods) នៅរាជធានី-ខេត្តចំនួន០៧ រួមមាន៖ នៅខេត្តបាត់ដំបង- ខេត្តពោធិ៍សាត់- ខេត្តកំពង់ធំ- ខេត្តកំពង់ឆ្នាំង- ខេត្តកំពង់ស្ពឺ- ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

២- បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែង និងជួរភ្នំក្រវាញ៖ ផ្ទៃមេឃអួរអាប់ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្គួរ ទៅច្រើន រាយប៉ាយស្ទើរគ្រប់ទីកន្លែង។

៣- តំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រផ្ទៃ៖ មេយអាប់អួរ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្គួរទៅខ្លាំង និងមានខ្យល់កន្ត្រាក់មានល្បឿនមធ្យម ជាមួយរលកសមុទ្រ មានកម្ពស់មធ្យម នឹងអាចប្រឈម​ងជំនន់ទឹកភ្លៀង នៅខេត្តកោះកុង និងខេត្តព្រះសីហនុ។ ដោយឡែកនៅតាមបណ្តាកោះ អាចប្រឈម​ នឹងបាតុភូតរលកព្យុះសមុទ្រ (Storm Surge)​។

៤- ស្ថានភាព នៃទឹកទន្លេមេគង្គ៖ បន្តឡើងជាបន្តបន្ទាប់។

​ស្ថានភាពដូចបានជម្រាបជូនខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់​សាធារណជន និងប្រជានេសាទ- អ្នកដំណើរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ពីការប្រែប្រួលអាកាស ដែលនឹងអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើង៕

អត្ថបទដែលជាប់ទាក់ទង