នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន​ជនជាតិចិន៤​នាក់ ​​ពាក់ព័ន្ធបទល្មើសដកកាំភ្លើងភ្ជង់គម្រាម ទៅលើជនជាតិចិនដូចគ្នា

ខេត្តព្រះសីហនុ​៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវ និងឈានទៅ​បង្ក្រាប​ជនសង្ស័យជនជាតិចិនចំនួន ០៤​នាក់ ​​​ជាប់ពាក់ព័ន្ធបទល្មើសដកកាំភ្លើងភ្ជង់គម្រាម ទៅលើជនជាតិចិនដូចគ្នា នៅចំណុចមុខហាងលក់ខោអាវ លីម ហុង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ​២០២១។

សមត្ថកិច្ចនគរបាល​ខេត្តព្រះសីហនុ​ បានឲ្យថា​ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១ និង៣០នាទី មានជនជាតិចិនម្នាក់ បានទូរស័ព្ទ​រាយការណ៍តាមប្រព័ន្ធ Hotline​ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានជនជាតិចិនចំនួន ០៤​នាក់ ជិះរថយន្ត ០១​គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 បានដកកាំភ្លើងខ្លីភ្ជង់គម្រាមបាញ់សម្លាប់ខ្លួន។

សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ​ភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានចុះស្រាវជា្រវ និងឈានទៅ​បង្ក្រាបចាប់ឃាត់ខ្លួន ជនសង្ស័យជនជាតិចិនចំនួន​០៤​នាក់ ​នៅចំណុចមុខហាងលក់ខោអាវ លីម ហុង ស្ថិតនៅភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ និងបានបង្កើត​គណៈ​កម្មការ​ត្រួតពិនិត្យរថយន្ត របស់ជនសង្ស័យ រួចក៏បានរកឃើញ​កាំភ្លើងខ្លី​ចំនួន០២​ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន ០៦​គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 , គ្រាប់ចំនួន ៣១​គ្រាប់ ប្រភេទ9mm ក្នុងរថយន្តនៅកម្រាលជើងកៅអីផ្នែកខាងក្រោយ​។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចនគរបាល ចាប់យកបានរួមមាន៖ រថយន្ត ០១​គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 ,​កាំភ្លើងខ្លី​ចំនួន ០២ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន ០៦​គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 ,គ្រាប់ចំនួន ៣១ គ្រាប់ ប្រភេទ9mm​។

បច្ចុប្បន្ន​ សមត្ថកិច្ចនគរបាល ​កំពុង​កសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិនទាំង ០៤នាក់ និងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង