លោកឧកញ៉ា​ ទៀ វិចិត្រ ​​​ឧបត្ថម្ភថវិកា​​៥ម៉ឺនដុល្លារអាមេរិក​ សម្រាប់​សាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីប្រគល់-ទទួល នូវលិខិតថ្លែងអំណរគុណជូន លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធិភាព។ ពិធីនេះ ធ្វើឡើងនៅសាលប្រជុំ សាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

នាឱកាសនោះ លោកឧកញ៉ា​ ទៀ វិចិត្រ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងជាថវិកា (​៥០.០០០ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកក្នុងការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលគិតជាថវិកាសរុបចំនួន ៦៦.៨៤៥ដុល្លារអាមេរិក) ទៅឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរូមគ្នាក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន​តាមការណែនាំ របស់​ក្រសួងសុខាភិបាល ពិសេសគោលការណែនាំ​ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “៣ការពារ និង៣កុំ” ឲ្យបានជាប្រចាំ ប្រយោជន៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព។

​ចំណែក គួច ចំរើន ​​អភិបាលខេត្តព្រះសីហនុ ​មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ​សូមថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ព្រមទាំងសប្បុរសជននានា ដែលជានិច្ចជាកាលបាន​ ចូលរួមគាំទ្រជួយឧបត្ថម្ភទាំងសម្ភារៈ និងថវិកាជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រតិបត្តិការ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​-១៩ ឱ្យទទួលបានជោគជ័យ ដើម្បីសុខមាលភាព របស់ប្រជាពលរដ្ឋ។​​ លោកអភិបាល បានចាត់ទុក សកម្មភាពមនុស្សធម៌នេះ ថា ​ជា​កិច្ចសហការរួមគ្នា ក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យរីកចំរើនរុងរឿង៕

អត្ថបទដែលជាប់ទាក់ទង