ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកអណ្តើកសមុទ្រមួយក្បាលទៀត ទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រធំមួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

លោកឧកញ៉ា ឲ្យដឹងថា ការនាំយកសត្វកម្រប្រភេទនេះ ចូលទៅក្នុងសមុទ្រ គឺជាការលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៧ របស់លោក។ ហើយថា គ្រប់ពេលដែលនាំយកសត្វទាំងនេះ ទៅលែងម្តងៗ គឺរូបលោក តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិច ឬអណ្តើកសមុទ្រ មុននឹងលែងចូលសមុទ្រ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាលក្ខណៈអន្តរជាតិ។  ហើយចំពោះ សៀល ដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រមួយនេះ គឺមានលេខ៖ KH0387។


លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្តថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ព្រោះ ប្រសិនបើអ្នកនេសាទ ចាប់បានសត្វល្មិច ឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀលសម្គាល់ គឺអ្នកនេសាទ ទាំងនៅក្នុងប្រទេសកម្ពុជាយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងលែងសត្វប្រភេទនេះ ចូលទៅក្នុងសមុទ្រវិញ ដោយមិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មនោះទេ។

លោកឧកញ៉ា បានកត់សម្គាល់ថា ជាបន្តបន្ទាប់មកនេះ ឃើញមានអ្នកនេសាទសមុទ្រជាច្រើននាក់ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូន រូបលោកក្រោយពួកគាត់ នេសាទបាន ដើម្បីឲ្យរូបលោក យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រជាតិវិញ។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទ ដែលបានសហការ ការពារអភិរក្ស សត្វសមុទ្រកម្រ ជាមួយរូបលោក ក៏ដូចជាជាមួយ រាជរដ្ឋាភិបាល ជាបន្តបន្ទាប់មកនេះ៕

អត្ថបទដែលជាប់ទាក់ទង