នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ទាក់ទិនករណីស្លាប់ស្ត្រីម្នាក់!

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានផ្តល់ព័ត៌មានបឋមមកថា កាលពីថ្ងៃត្រង់ថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នាំយកទៅធ្វើការសាកសួរ បន្ទាប់ពីមានការរាយការណ៍ពីមន្ទីរពេទ្យ ថៃខាង ថាមានរថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AV-8751 បើកបរដោយបុរសម្នាក់ និងមានគ្នាចំនួន ០២នាក់ទៀត បានដឹងសាកសពស្ត្រីម្នាក់ (មិនស្គាល់អត្តសញ្ញាណ) មកមន្ទីរពេទ្យរបស់ខ្លួន ដើម្បីការព្យាបាល។

បើតាមប្រភពពីជនសង្ស័យម្នាក់ ដែលបានដឹកសាកសពស្ត្រីមកមន្ទីរពេទ្យ ថៃខាង បញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើនេះ បានធ្លាក់ពីលើអាគារ Online មួយកន្លែង នៅម្តុំតំបន់សេដ្ឋកិច្ចពិសេសអូរត្រេះ (ឆៃណាថោន) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ហើយខណៈនោះ មេរបស់គាត់ បានឱ្យគាត់ និងសន្តិសុខម្នាក់ ព្រមទាំងជាងភ្លៀងម្នាក់ទៀត ដឹកស្រ្តីម្នាក់នោះ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ លុះដឹកមកដល់មន្ទីរ ថៃខាង ខាងមន្ទីរប្រាប់ថា ស្ត្រីនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច មិនទាន់ដឹង ពីមូលហេតុពាក់ព័ន្ធ និងការស្លាប់ របស់ស្ត្រីរងគ្រោះ នៅឡើយទេ។

បច្ចុប្បន្ន សាកសពស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរងចាំជំនាញមកធ្វើកោសល្យវិច័យ។ រីឯជនសង្ស័យ ទាំង ០៣នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង