​ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៨-១៤ ខែកញ្ញា​

រាជធានីភ្នំពេញ​៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង​ ស្តីពីស្ថានភាពអាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយបានការព្យាការណ៍ថា ក្នុងរយៈពេលនេះ ស្ថានភាពអាកាសធាតុ នៅរាជធានី-ខេត្តចំនួន ១១ ក្នុងប្រទេសកម្ពុជា នឹងប្រឈម​ជំនន់ទឹកភ្លៀង។ ក្នុងនោះ រួមមាន៖ ខេត្តបាត់ដំបង- ខេត្តពោធិ៍សាត់- ខេត្តកំពង់ធំ- ខេត្តកំពង់ឆ្នាំង-  ខេត្តកំពង់ស្ពឺ- ខេត្តកណ្តាល- ខេត្តស្វាយរៀង- រាជធានីភ្នំពេញ- ខេត្តកោះកុង- ខេត្តព្រះសីហនុ និងខេត្តកំពត។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០២១​ បានបញ្ជាក់ថា នៅក្នុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជា នឹងទទួលរង​ឥទ្ធិពលមានដូចជា៖
– ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង
– ប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ- ឡាវ  និងប្រទេសវៀតណាម រួចនឹងចុះបន្តិចមកលើ ប្រទេសកម្ពុជា​
– ខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនមធ្យមទៅបង្គួរ
– ខ្យល់សមុទ្រ ( Sea Breeze )
– វិសម្ពាធចំនួន ០២ ដែលមួយស្ថិតនៅខាងកើតក្បែរ ប្រទេសហ្វីលីពីន ហើយបច្ចុប្បន្ន បានបំប្លែងខ្លួន ទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON ) ​ដោយនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាម ខាងជើង និងវិសម្ពាធសកម្មមួយទៀត ​ស្ថិត​ក្នុងសមុទ្រភាគខាងកើតហ្វីលីពីន ធ្វើដំណើរទៅលើ ហើយមិនមានឥទ្ធិពលមកលើ ប្រទេសកម្ពុជាទេ។

ស្ថានភាពបែបនេះនឹងធ្វើតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា រួមមាន៖

* បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល​៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C
– ផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅខ្លាំង លាយឡំ​ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង។ ទន្ទឹមគ្នានោះ នៅតាមបណ្តាខេត្តមួយចំនួន រួមមាន៖ ខេត្តបាត់ដំបង- ខេត្តពោធិ៍សាត់ – ខេត្តកំពង់ធំ- ខេត្តកំពង់ឆ្នាំង- ខេត្តកំពង់ស្ពឺ- ខេត្តកណ្តាល- ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ នឹងអាចប្រឈម​ជំនន់ទឹកភ្លៀង​។

* បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន​៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– ផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀង ក្នុងកម្រិតពីមធ្យម ទៅច្រើន លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​។

* តំបន់មាត់សមុទ្រ​៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– ផ្ទៃមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀង ក្នុងកម្រិតពីបង្គួរ ទៅខ្លាំង លាយឡំ​ ផ្គរ រន្ទះខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ​។

ដោយឡែក ចំពោះភូមិសាស្ត្រ​ខេត្តកោះកុង- ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចនឹងមានជំនន់ទឹកភ្លៀងថែមទៀតផង​។

ផ្តើមពីបញ្ហានេះ ក្រសួងធនធានទឹក ​បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងទៅលើក្រុមគ្រួសាររៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង