​ស្នងការនគរបាលខេត្តព្រះសីហនុ ឆ្លើយតប​ម្ចាស់គណនេយ្យហ្វេសប៊ុក​ឈ្មោះ លី ហ័រ លើករណីគម្រាមបាញ់សម្លាប់

ខេត្តព្រះសីហនុ​៖ វេបសាយ របស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃព្រហស្បតិ៍ ​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហោះសារឲ្យដឹងថា មានគណនេយ្យហ្វេសប៊ុកឈ្មោះថា លី ហ័រ បានមានមតិយោបល់ក្នុងផេកផ្លូវការ របស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុថា “នាងខ្ញុំសូមជម្រាបជូនដល់ ឯកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ នាងខ្ញុំ រងភាពអយុត្តិធម៌ណាស់ ដោយប្តីនាងខ្ញុំយកកាំភ្លើងគំរាមបាញ់សំលាប់ខ្ញុំ។ ហើយគាត់ បានមកបាញ់ឪពុកនាងខ្ញុំមួយគ្រាប់ ហើយគាត់និយាយថា នឹងបាញ់សន្លាប់ចោលមួយពូជ។ នាងខ្ញុំមានតែអង្វរឲ្យឯកឧត្តមជួយដល់នាងខ្ញុំ ដែលជាជនរងគ្រោះផង” ។

ចំពោះករណីខាងលើនេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​មានប្រសាសន៍ថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន ហ៊ីង យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី​។ ហើយបន្តមកទៀត នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន​នៅពន្ធនាគារ លើឈ្មោះ ទួន ហ៊ីង តាមដីកាលេខ: ៧០២ តពដ/២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០២១ ចេញដោយ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ ពីបទ «​ហឹង្សាប្រព្រឹត្តដោយសហពទ្ធ័ ឬអនីតិសង្វាសជន»៕ ប្រភព៖ អគ្គស្នងការនគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង