បញ្ជូនមន្ដ្រីនគរបាលខណ្ឌ៧មករា ដែលវាយស្ត្រី​ម្នាក់បែកក្បាល ​ទៅតុលាការផ្តន្ទាទោស..

រាជធានីភ្នំពេញ​៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ថា មន្ដ្រីនគរបាលខណ្ឌ៧មករា ម្នាក់ ដែល​វាយនារី ជិះម៉ូតូល្មើសច្បាប់ចរាចរណ៍បែកក្បាល កាលពីកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់រួចហើយ។

លោក​បន្តថា ​សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានបញ្ជូនមន្ដ្រីនគរបាល ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់នារីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ដើម្បីចាត់ការតាមនីតិវិធី​។ ចំណែក​ នារីរងគ្រោះ ដែលល្មើសច្បាប់ចរាចរណ៍ ហើយគេចវេសមិនស្ដាប់បញ្ជា របស់មន្ដ្រីនគរបាល ក្នុងការអនុវត្តច្បាប់ ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នាផងដែរ។ ​

លោកវរសេនីយ៍ឯក សាន សុខសីហា បញ្ជាក់បន្ថែមថា ភាគីទាំង ០២ នឹងត្រូវអនុវត្តច្បាប់ដោយស្មើភាពគ្នា ព្រោះពួកគេ បានប្រព្រឹត្តខុសច្បាប់ដូចគ្នា។

គួររំលឹកថា នៅម៉ោង ០៨ និង២០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កើតមានករណីហិង្សាមួយកើតឡើង រវាងមន្ត្រីនគរបាលខណ្ឌ៧មករា ជាមួយ​អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ ​បញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូផងដែរ។ មន្ត្រីនគរបាល បានឱ្យដឹងថា ស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ។ រីឯអ្នកឌុប ត្រូវជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។ ហើយ មន្ត្រីនគរបាល ដែលប្រើហិង្សា យកអាកឌី វាយក្បាលស្ត្រីម្នាក់ ឲ្យរបួសបែកឈាមហូរស្រោចពេញខ្លួន ត្រូវបានគេស្គាល់ថា មានឈ្មោះ ម៉ាត់ ពិសី។

អំពើហិង្សាខាងនេះ នាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំងលើមន្ត្រីនគរបាល និងទទូចឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ដោយក្រមសីលធម៌ បញ្ចៀសនូវការប្រើហិង្សា។ តែទោះជាយ៉ាងណា ក៏មានស្នើឱ្យមានការចូលរួមគោរព និងអនុវត្តច្បាប់ពីអ្នកបើកបរគ្រប់រូប ដើម្បីបញ្ចៀសបាតុភាពផ្សេងៗ។

យោងតាមសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទង​ករណីប្រើហិង្សា ដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នាមូលដ្ឋានខណ្ឌ៧មករា រួមមាន៖

​ទី១- មន្ត្រីអន្តរាគមន៍ ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាល ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។

​ទី២- បើស្រាវជ្រាវហើយឃើញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ​។

ទី៣- ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ច ក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ។

យ៉ាងណាក៏ដោយចុះ រហូតមកដល់រសៀលថ្ងៃសុក្រ ទី១០ ខែកញ្ញា​ ឆ្នាំ​២០២១នេះ មិនទាន់ទទួលបានលទ្ធផល ជុំវិញការបើកសវនាការ របស់សាលាដំបូងរាជធានីភ្នំពេញ លើករណីមន្ត្រីនគរបាល​ឈ្មោះ ម៉ាត់ ពិសី ដែលយកអាយឌី វាយក្បាលស្ត្រីម្នាក់ ឲ្យរងរបួសខាងលើនេះ នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង