លោកស្រី ឱ វណ្ណឌីន និងអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩​ ជូន​ពលរដ្ឋ​..

ខេត្តព្រះសីហនុ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី១- ទី២ និងទី៣ ឬដូសជម្រុញ ជូនប្រជាពលរដ្ឋ និងមន្ត្រីជួរមុខ នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង នៅសាលាខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ សរុបមានចំនួន ៣០៧.៨១៧នាក់ (ស្រី ១៤៣.៣២៣នាក់) ក្នុងនោះប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ២២៨.៣៧៧នាក់ (ស្រី ១០៣.៧៨៣នាក់)។ ហើយវ៉ាក់សាំង ដែលមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ទទួលបានសរុបចំនួន ២៩៥.៥៨៤ដូស ក្នុងនោះមានដូចជា៖ Sinopharm ចំនួន ១៧៦.៧៨៨ដូស, Covishield ចំនួន ១៥.០០០ ដូស, Sinovac ចំនួន១២.៦៧៨ដូស, Sinovac សម្រាប់កុមារ និងយុវវ័យពី១២ ដល់១៨ឆ្នាំ ចំនួន ៦៧.២៦៤ដូស, AstraZeneca 3rd dose (អង់គ្លេស) ចំនួន ៥.៦២៤ដូស, AstraZeneca 3rd dose (ជប៉ុន) ចំនួន ១៨.២៣០ដូស។

លោក​បន្តថា ខេត្តព្រះសីហនុ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្រុងស្រុកទូទាំងខេត្ត និងបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ចំនួន០១មណ្ឌល គឺនៅសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ សម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារចាប់ពីអាយុ ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩​។

ព្រមជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ​មានប្រសាសន៍ថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលយ៉ាងរលូន ដែលមានក្រុមគ្រូពេទ្យកងយោធពលខេមរៈភូមិន្ទ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA គ្រូពេទ្យលោក សាយ ឈុំ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យវិស័យឯកជនផ្សេងទៀត ដែលបានចូលរួមយុទ្ធនាកាចាក់វ៉ាក់សាំងកូវីដ-១៩នេះ​។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស ព្រោះការចាក់វា៉ក់សាំង គឺជាគន្លឹៈសំខាន់ក្នុងការការពារជំងឺកូវីដ-១៩ ។ លោកស្រី ក៏បានសំណូមពរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានទទួលបានវ៉ាក់សាំងដូសទី១- ទី២ និងទី៣ កុំភ្លេចខ្លួន ត្រូវអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ៣កុំ និង៣​ការពារ​ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន​៕ ដោយៈ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង