ឧកញ៉ា ទៀ វិចិត្រ អំពាវនាវសូមកុំ​ប្រមាញ់- កុំសម្លាប់-កុំជួញដូរ និងកុំពិសា​អាហារ​ ចម្អិនពី​សាច់សត្វព្រៃ​..

ខេត្តព្រះសីហនុ៖ ​លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និងជាអ្នកអភិរក្សសត្វព្រៃកម្រមួយរូប នៅក្នុងប្រទេសកម្ពុជា ​ជាថ្មីម្តងទៀត បាន​អំពាវនាវដល់​ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ- មន្ត្រីរាជការគ្រប់ស្ថាប័ន និងអ្នកពាក់ព័ន្ធ សូមងាកមកចូលរួម ជួយ​ការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ ទាំងនៅលើដីគោក និងក្នុងទឹក​តាមរយៈ៖ កុំប្រមាញ់- កុំសម្លាប់- កុំជួញដូរ និងកុំពិសាអាហារ ឬមុខម្ហូប ដែលចម្អិនពីសាច់សត្វព្រៃ ឲ្យបានទាំងអស់គ្នា ប្រយោជន៍ ដើម្បីរួមគ្នាអភិរក្ស និងថែរក្សាសត្វព្រៃកម្រ ឲ្យបានគង់វង្ស ជាមួយរាជរដ្ឋាភិបាល ឲ្យសម្បូរបែប​នាថ្ងៃអនាគត។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ដូច្នេះ ធ្វើឡើងនៅគ្រារូបលោក និងក្រុមការងារ បាននាំយកសត្វព្រៃកម្រចំនួន ០៣ក្បាល រួមមាន៖ សត្វអាញី ០១ក្បាល – សត្វពង្រូល​ ០១ក្បាល និងសត្វទោច ចំនួន ០១ក្បាល យកទៅលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិវិញ​នៅចុងសប្តាហ៍នេះ។

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា សត្វព្រៃកម្រទាំង ០៣ប្រភេទ​នេះ ត្រូវ​ប្រជាពលរដ្ឋ​រស់នៅតំបន់ផ្សេងៗគ្នា នាំយកមកប្រគល់ជូនរូបលោក ដើម្បី​លែងចូលទៅក្នុងព្រៃធម្មជាតិវិញ ដូចដែលរូបលោក ធ្លាប់បានអនុវត្តជាបន្តបន្ទាប់នាពេលកន្លងមកនេះ។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋ ដែលជាអ្នកប្រគល់សត្វកម្រទាំង ០៣ប្រភេទ ជូនលោកឧកញ៉ា ទៀ វិចិត្រ បាន​ឲ្យដឹងដូចៗគ្នាថា ការដែលពួកគាត់ សម្រេចិត្តនាំយកសត្វព្រៃទាំងនេះ មកប្រគល់​​ជូន លោកឧកញ៉ា ទៀត វិចិត្រ ​ក៏ព្រោះតែជាបន្តបន្ទាប់មកនេះ ពួកគាត់ តែង​សង្កេតឃើញសកម្មភាព របស់​ លោកឧកញ៉ា ទៀ វិចិត្រ គឺជាមនុស្សម្នាក់ចូលចិត្ត និង​ស្រលាញ់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសក៏ជាអភិរក្សសត្វព្រៃកម្រ ដ៏មានប្រជាប្រិយភាពម្នាក់​នៅកម្ពុជា។ ហើយថា លោកឧកញ៉ា ​ថែមទៀតទាំង​បានចំណាយធនធាន និងពេលវេលាអស់ជាច្រើន ទៅលើការងារអភិរក្សសត្វព្រៃកម្រ មិនថា តែនៅលើដីគោក និងនៅក្នុង​ទឹកសាប ឬទឹកប្រៃនោះទេ គឺតែងឃើញលោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃកម្រទាំងនោះ យកទៅលែងឲ្យរស់នៅតាម​ធម្មជាតិវិញ​ជាហូរហែរ​​កន្លងមក​។

ងាកមកលោកឧកញ៉ា ទៀ វិចត្រ ដែលជាប្រធានក្រុមការងារមនុស្សធម៌អូរបី ប្រចាំខេត្តព្រះសីហនុផងនោះ បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដែល​បាននាំយកសត្វព្រៃ​កម្រជាច្រើនប្រភេទ យកមកប្រគល់ជូនរូបលោក ដើម្បីធ្វើការអភិរក្ស ក៏ដូចជាលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ ទាំងពេលកន្លងមក- ពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគត៕ ដោយៈ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង