លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតមនុស្ស ឲ្យរួចផុតពីសេចក្តីស្លាប់ម្នាក់ទៀត..!

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្ត​បញ្ជូនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) ​ដើម្បីឲ្យទៅទទួលយក លោកអនុសេនីយ៍ឯក ដួង ចន្រ្តា នាយផ្នែកអត្តសញ្ញាណកម្ម នៃ​អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង  ដែល​​​មានជំងឺធ្ងន់ធ្ងរ ​ហើយចាំ​ត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែខ្វះមធ្យោបាយដឹកជញ្ជូនពីដីកោះ មកសង្គ្រោះនៅមន្ទីរពេទ្យឯក្រុងព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រោយរូបលោក បានទទួលព័ត៌មានថាមាន អ្នកជំងឺម្នាក់ កំពុងឈឺធ្ងន់នៅលើកោះរ៉ុង ហើយខ្វះមធ្យោបាយដឹកជញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យលើដីគោករួចមក ភ្លាមៗនោះ រូបលោក ក៏បានបញ្ជូនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យ ឲ្យទៅទទួលអ្នកជំងឺរូបនេះ ​នៅម៉ោង ១០ និង​២០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ហើយបាន​ដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យ ​ក្នុងក្រុងព្រះសីហនុ ដោយសុវត្ថិភាព។

ផ្តើមពីទឹកចិត្តមនុស្សធម៌​នេះ ​លោកឧកញ៉ា ទៀ វិចិត្រ ក៏ត្រូវបានសាធារណៈជនទូទៅ ​កោតសរសើរមិនដាច់ពីមាត់​ ជាពិសេសទទួលបានការដឹងគុណ និងអរគុណ ពីសំណាក់ ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះ  ​​ព្រោះនៅពេលមានសមាជិកគ្រួសារណាម្នាក់ មានជំងឺធ្ងន់ ត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែខ្វះខាតមធ្យោបាយដឹកជញ្ជូន គឺត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យល្បឿនលឿន ទៅដឹកពីបណ្តាកោះនានា នាំយក​សង្គ្រោះនៅមន្ទីរពេទ្យ ដោយមិនគិតសេវាដឹកជញ្ជូន និង​មិនគិត​ពេលថ្ងៃ ឬពាក់កណ្តាលអាធ្រាតុ​នោះដែរ៕

អត្ថបទដែលជាប់ទាក់ទង